ចោរកំពូលស៊យប្លន់ចំកីឡាការិនីវាយក្នុងទ្រុង UFC ចុងក្រោយត្រូវនាងវាយឡើងទ្រមហូរឈាមស្រោចខ្លួន
ប្រេស៊ីល៖ ចោរកំពូលស៊យម្នាក់ឃើញមនុស្សស្រីទន់ខ្សោយឈរម្នាក់ឯងក៏សម្រេចទៅប្លន់យកទូរស័ព្ទដៃពីនាង តែចៃដន្យអីស្រ្តីរូបនោះជាកីឡាការិនីវាយក្បាច់គុណចម្រុះ ឬអ្នកខ្លះតែហៅថាកីឡាវាយក្នុងទ្រុង UFC ហើយក៏ត្រូវនាងវាយឡើងទ្រមខ្លួន និងបែកឈាមពេញមុខ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង RIO DE JANEIRO ប្រទេសប្រេស៊ីល ហើយនារីក្លាហានដែលហ៊ានប្រយុទ្ធជាមួយនឹងចោរនោះមានឈ្មោះថា Polyana Viana អាយុ ២៧ ជាកីឡាការនីអាជីព UFC ដ៏ល្បីម្នាក់ក្នុងប្រទេសប្រេស៊ីល ហើយនាងត្រូវបានគេដាក់រហ័សនាមថា Iron Lady ទៀតផង។
ក្នុងថ្ងៃកើតហេតុនាងបានចេញមកមុខផ្ទះ និងបានយកទូរស័ព្ទមកចុចហៅតាក់ស៊ី ហើយខណៈដែលនាងកំពុងតែចុចទូរស័ព្ទនោះ ចោរម្នាក់ក៏បានមកឆក់យកទូរស័ព្ទពីដៃនាង និងបានគំរាមនាងថា គាត់មានកាំភ្លើងខ្លីមួយដើម បើមិនឲ្យទូរស័ព្ទមកគាត់ទេ គាត់នឹងបាញ់ស្ត្រីរងគ្រោះសម្លាប់តែម្តង។ យ៉ាងណាក្តី ស្រ្តីរងគ្រោះមិនបានខ្លាចការគំរាមនោះទេ ហើយនាងដឹងថា នាងអាចវាយបុរសនោះឲ្យដួលមុនពេលគាត់ដកកាំភ្លើងមកប្រើទៅទៀត ដូចនេះនាងក៏សម្រេចវាយបុរសនោះមុនយ៉ាងទ្រមខ្លួន និងរឹតបុរសនោះជាប់រហូតទាល់តែប៉ូលិសមកចាប់យកចោរនោះទៅឃុំឃាំង៕

អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia