ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការផឹកកាហ្វេ ឬតែ កំឡុងពេលមានផ្ទៃពោះ អាចធ្វើឱ្យទារកក្នុងផ្ទៃខ្វះទម្ងន់ ឬកើតមកមិនគ្រប់ខែ

    BY autoadmin January 9, 2019
    ការផឹកកាហ្វេ ឬតែ កំឡុងពេលមានផ្ទៃពោះ អាចធ្វើឱ្យទារកក្នុងផ្ទៃខ្វះទម្ងន់ ឬកើតមកមិនគ្រប់ខែ

    ការស្រាវជ្រាវមួយបានបង្ហាញថា ស្ត្រីដែលផឹកតែ ឬកាហ្វេអំឡុងពេលមានផ្ទៃពោះអាចប្រឈមមុខនឹងការមានកូនដែលមានរូបរាងតូចជាងទារកធម្មតា។ ហើយទោះបីជាស្ត្រីដែលផឹកកាហ្វេតិចជាង ២០០ មីលីក្រាម (បរិមាណសុវត្ថិភាព) ដូចជា៖ កាហ្វេឆុងផឹកភ្លាមៗ ឬតែ ៣ពែង អាចប្រឈមនឹងការសម្រាលកូនដោយមិនមានគីឡូគ្រប់គ្រាន់ ឬទារកកើតមកមិនគ្រប់ខែ។ ក្រុមអ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យ Dublin ជឿថា កាហ្វេអ៊ីនដាក់កម្រិតលំហូរឈាមទៅសុក ដែលវាប៉ះពាល់ដល់ការលូតលាស់របស់ទារក។ ការសិក្សាដែលដឹកនាំដោយវេជ្ជបណ្ឌិត Ling-Wei Chen បានមើលទៅលើមាតាដែលកំពុងមានផ្ទៃពោះចំនួន ៩៤១នាក់ ក្នុងប្រទេសអៀរឡង់ ហើយវាបានបង្ហាញថា ប្រភពនៃជាតិកាហ្វេអ៊ីនពីម្តាយទៅកាន់ទារកគឺ «តែ» ៤៨% បន្ទាប់មកគឺ «កាហ្វេ» ៣៨%។

    ហើយលទ្ធផលក៏បានបង្ហាញថា ចំពោះការផឹកកាហ្វេបន្ថែម ១០០ មីលីក្រាម ក្នុងត្រីមាសទី១ សម្រាប់ស្ត្រីដែលកំពុងមានគភ៌ ទម្ងន់គភ៌ក្នុងពោះនឹងត្រូវបានកាត់បន្ថយប្រហែល ០.១៥ផោន (៧២ក្រាម)។ លទ្ធផលបានបង្ហាញបន្ថែមទៀតថា ស្ត្រីដែលញ៉ាំជាតិកាហ្វេអ៊ីនច្រើនបំផុតនឹងមានកូនទម្ងន់ប្រហែល ០.៦៧ផោន (១៧០ក្រាម) តិចជាងអ្នកដែលមិនផឹកនូវជាតិកាហ្វេអ៊ីន។ យ៉ាងណាមិញអង្គការសុខភាពពិភពលោក បានណែនាំឱ្យស្ត្រីផឹកកាហ្វេតិចជាង ៣០០មីលីក្រាម ក្នុងមួយថ្ងៃអំឡុងពេលមានផ្ទៃពោះ។ ចំណែក NHS និងមហាវិទ្យាល័យពេទ្យកុមារ និងរោគស្ត្រីអាមេរិក ណែនាំមិនឲ្យញ៉ាំលើសពី ២០០មីលីក្រាម នោះទេ។ ទោះជាយ៉ាងណាក៏ដោយការស្រាវជ្រាវថ្មីបំផុតក៏បានបង្ហាញថា វានៅតែមានកម្រិតខ្ពស់ពេកសម្រាប់ស្ត្រីដែលកំពុងមានផ្ទៃពោះ។ ចំណែកកាលពីឆ្នាំ ២០០៨ ការសិក្សាលើស្ត្រីមានផ្ទៃពោះ ១,០៦៣នាក់ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូបានបង្ហាញថា អ្នកដែលទទួលទានជាតិកាហ្វេអ៊ីនយ៉ាងហោចណាស់ ២០០មីលីក្រាមក្នុងមួយថ្ងៃ មានហានិភ័យនៃការរលូតកូន ២៥% ផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: