ខ្មែរណូត

ស្វែងរក

  • កីឡា

    ក្លឹបអ្នកមានបុណ្យ Barcelona ចុះហត្ថលេខានាំយកខ្សែការពារ Jean-Clair Todibo ពីក្លឹប Toulouse ដោយឥតគិតថ្លៃ

    BY Khmernote Media January 9, 2019
    ក្លឹបអ្នកមានបុណ្យ Barcelona ចុះហត្ថលេខានាំយកខ្សែការពារ Jean-Clair Todibo ពីក្លឹប Toulouse ដោយឥតគិតថ្លៃ

    ក្លឹបអ្នកមានបុណ្យ Barcelona បានចុះហត្ថលេខានាំយកខ្សែការពារវ័យក្មេងសញ្ជាតិបារាំង Jean-Clair Todibo ពីក្លឹប Toulouse ដោយគ្មានតម្លៃផ្ទេរកាលពីម្សិលមិញនេះ បន្ទាប់ពីខ្សែការពាររូបនេះនឹងបញ្ចប់កុងត្រាជាមួយនឹងក្លឹប Toulouse នៅក្នុងពេលបញ្ចប់រដូវកាលនេះ។

    ខ្សែការពារវ័យ 19 ឆ្នាំ Todibo នឹងមកកាន់ក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងពេលបញ្ចប់រដូវកាលនេះ ខណៈដែលពេលនេះ Todibo នឹងបន្ដលេងឲ្យក្លឹប Toulouse រហូតដល់បញ្ចប់រដូវកាលដើម្បីបញ្ចប់កុងត្រារបស់គេជាមួយនឹងក្លឹបក្នុងលីគកំពូលបារាំងមួយនេះ។ ខ្សែការពាររូបនេះនឹងធ្វើដំណើរមកកាន់ក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងថ្ងៃទី 1 ខែកក្កដា ខាងមុខនេះ ហើយរូបគេគឺជាកីឡាករដំបូងរបស់ Barcelona ដែលក្លឹបយក្សរបស់តំបន់កាតាឡាន់មួយនេះចុះហត្ថលេខានាំយកមកកាន់ទឹកដី Camp Nou មុនគេនាពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ។

    ក្រៅពីលេងតំបន់ការពារ កីឡាករវ័យក្មេងរូបនេះអាចលេងក្នុងតំបន់បម្រើបានផងដែរ ព្រោះកាលពី Todibo ចូលរួមជាមួយនឹង Toulouse ដំបូងកាលពីឆ្នាំ 2016 នោះគឺរូបគេបានលេងដំណែងខ្សែបម្រើ។ មុនពេល Barcelona ចុះហត្ថលេខានាំយកយុវជនវ័យ 19 ឆ្នាំរូបនេះមកកាន់ Camp Nou នោះក្លឹបសេះបង្កង់ Juventus ក៏ចាប់អារម្មណ៍យុវជនបារាំងរូបនេះដែរ ប៉ុន្ដែចុងក្រោយអ្នកដែលបានគឺជា Barcelona ទៅវិញ។ ដូច្នោះ Todibo នឹងបង្ហាញខ្លួនជាកីឡាកររបស់ Barcelona ពេញសិទ្ធចាប់ពីរដូវកាលក្រោយទៅ។

    បុត្រ

    ប្រភព៖ Marca

    Share This Post: