អន្តរជាតិ

ឥណ្ឌូណេស៊ី​បានអនុម័ត​ច្បាប់ក្រម​ព្រហ្មទណ្ឌថ្មី ដែល​ហាមមិនឱ្យមាន​ការរួមភេទមុនរៀបអាពាហ៍ពិពាហ៍ឡើយ

BY
autoadmin
December 7, 2022

សភាឥណ្ឌូណេស៊ីបានអនុម័តច្បាប់ក្រមព្រហ្មទណ្ឌថ្មីមួយ ដែលហាមប្រាមពលរដ្ឋពីការរួមភេទមុនពេលរៀបអាពាហ៍ពិពាហ៍ និងរឹតត្បិតសេរីភាពនយោបាយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ការ​រួម​ភេទ​ក្រៅ​អាពាហ៍ពិពាហ៍​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់​ ១ឆ្នាំ​ ក្រោម​ច្បាប់​ថ្មី​ ដែល​នឹងចូល​ជា​ធរមាន​ក្នុង​រយៈពេល​ ៣ ឆ្នាំទៀត។ ការផ្លាស់ប្តូរនេះបានកើតឡើង បន្ទាប់ពីការអភិរក្សសាសនាមានការកើនឡើង ខណៈប្រទេសនេះភាគច្រើនគឺជាអ្នកកាន់សាសនាអ៊ីស្លាម។ អ្នករិះគន់ចាត់ទុកច្បាប់នេះថាជា «គ្រោះមហន្តរាយ» លើសិទ្ធិមនុស្ស និងជាផលប៉ះពាល់ដល់វិស័យទេសចរណ៍ និងការវិនិយោគ។

ក្រុមយុវជនជាច្រើនក្រុមភាគច្រើនបានតវ៉ាប្រឆាំងនឹងច្បាប់នេះ នៅខាងក្រៅសភាក្នុងទីក្រុងហ្សាកាតាក្នុងសប្តាហ៍នេះ។ គេ​រំពឹង​ថា ​ច្បាប់​ថ្មី​នេះ​នឹងមានការតវ៉ាឡើងដល់តុលាការ។ ច្បាប់នេះនឹងអនុវត្តស្មើៗគ្នាចំពោះអ្នកស្រុក និងជនបរទេស ដែលរស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ឬអ្នកទៅលេងកន្លែងកម្សាន្ត ដូចជាកោះបាលីជាដើម។ ពោលគឺគូស្នេហ៍ដែលរួមភេទ ខណៈមិនទាន់បានរៀបការ អាចត្រូវជាប់គុករហូតដល់ ១ ឆ្នាំ។ ច្បាប់នេះក៏ហាមឃាត់មិនឱ្យគូស្នេហ៍រស់នៅជាមួយគ្នាមុនរៀបការផងដែរ ហើយទោសអាចមានរហូតដល់ ៦ខែ។ អំពើ​ផិត​ក្បត់​ក៏​នឹង​ក្លាយ​ជា​បទ​ល្មើស​ដែល​អាចជាប់ពន្ធនាគារផងដែរ។

ការពិតទៅការរួមភេទមុនពេលរៀបការត្រូវបានហាមឃាត់ជាយូរមកហើយ មុនពេលការអនុម័តនៃក្រមព្រហ្មទណ្ឌថ្មីនេះ ប៉ុន្តែជារឿយៗច្បាប់នេះមិនត្រូវបានអនុវត្តជាក់ស្ដែងទេ។ ច្បាប់ចាស់បានកំណត់ការរួមភេទរវាងបុរសដែលរៀបការហើយ និងអ្នកដែលមិនមែនជាប្រពន្ធរបស់គាត់ ជាការផិតក្បត់ ខណៈដែលច្បាប់ថ្មីបានហាមប្រាមការរួមភេទទាំងអស់ ឱ្យតែក្រៅអាពាហ៍ពិពាហ៍ រួមទាំងរវាងគូស្នេហ៍មិនទាន់រៀបការ។ ច្បាប់ថ្មីបាន​បង្កើន​ទោសពី ៩​ខែ ​ទៅ​ដល់ ១​ឆ្នាំ ពីច្បាប់ចាស់៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: