WHO៖ មន្ទីរពេទ្យក្នុងប្រទេសចិនហាក់ដូចជាពោរពេញទៅដោយអ្នកជំងឺកូវីដ-១៩ ដែលផ្ទុយពីការអះអាងរបស់មន្ត្រីចិន
- BY
- autoadmin
- December 22, 2022
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា បណ្ដាមន្ទីរពេទ្យនៅក្នុងប្រទេសចិន ហាក់ដូចជាកំពុងពោរពេញទៅដោយអ្នកជំងឺ ចំពេលមានការព្រួយបារម្ភអំពីរលកថ្មីនៃជំងឺ Covid-19 ដែលកំពុងវាយប្រហារប្រទេសនេះ។ លោកវេជ្ជបណ្ឌិត Michael Ryan បាននិយាយថា នៅតាមបន្ទប់ ICU មានការមមាញឹកខ្លាំង បើទោះបីជាមន្ត្រីចិនបានអះអាងថា ចំនួនឆ្លងនៅមានកម្រិតទាបក៏ដោយ។ ជាមួយគ្នានេះដែរ កាលពីថ្ងៃពុធម្សិលមិញនេះ ប្រទេសចិនក៏មិនមានរបាយការណ៍ស្លាប់ថ្មីនោះដែរ ប៉ុន្តែគេនៅតែមានការសង្ស័យអំពីចំនួនតួលេខពិតប្រាកដនៅក្នុងប្រទេសនេះ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មន្ទីរពេទ្យក្នុងទីក្រុងប៉េកាំង និងទីក្រុងផ្សេងទៀត បាននឹងកំពុងមានភាពមមាញឹកខ្លាំង ខណៈដែលការកើនឡើងនៃករណីជំងឺ Covid-19 កាន់តែមានសន្ទុះនៅក្នុងប្រទេសចិន។ ចាប់តាំងពីឆ្នាំ២០២០មក ប្រទេសចិនបានដាក់កំហិតសុខភាពយ៉ាងតឹងរ៉ឹង ដែលជាផ្នែកនៃគោលនយោបាយ zero-Covid របស់ខ្លួន។ ប៉ុន្តែរដ្ឋាភិបាលបានបញ្ចប់វិធានការទាំងនោះមួយចំនួនធំកាលពីពីរសប្តាហ៍មុន បន្ទាប់ពីមានការតវ៉ាប្រឆាំងនឹងការគ្រប់គ្រងដ៏តឹងរ៉ឹង។
ចាប់តាំងពីពេលនោះមក ចំនួនករណីជំងឺ Covid-19 ក៏បានកើនឡើង ដែលបង្កើនការភ័យខ្លាចថា អាចមានអត្រាមរណភាពខ្ពស់ក្នុងចំណោមមនុស្សចាស់ ដោយសារពួកគាត់គឺងាយនឹងរងគ្រោះ។ ទោះបីជាមានការកើនឡើងក៏ដោយ តួលេខផ្លូវការរបស់ចិនបង្ហាញថា មានមនុស្សតែ ៥ នាក់ប៉ុណ្ណោះ ដែលបានស្លាប់ដោយសារ Covid-19 នៅថ្ងៃអង្គារ និង ២នាក់ នៅថ្ងៃចន្ទ ហើយគ្មានទាល់តែសោះនៅថ្ងៃពុធម្សិលមិញនេះ៕



អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






