អន្តរជាតិ

FIFA កំពុងបើកការស៊ើបអង្កេតមួយ បន្ទាប់ពីលោក Salt Bae អាចចូលទៅក្នុងទីលាន និងឱបថើបពានរង្វាន់ World Cup បានយ៉ាងសេរី

BY
autoadmin
December 23, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) កំពុងបើកការស៊ើបអង្កេតមួយ ជុំវិញករណីលោក Salt Bae និងមនុស្សមួយចំនួនទៀត អាចចូលទៅកាន់ទីលាននៅចុងបញ្ចប់នៃការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រនៅប្រទេសកាតា។ លោក Salt Bae ដែលជាមេចុងភៅជនជាតិទួរគី មានឈ្មោះពិតថា Nusret Gokce ត្រូវបានគេឃើញលើក និងថើបពានរង្វាន់ World Cup ខណៈចូលរួមអបអរសាទរជាមួយកីឡាករអាហ្សង់ទីន បន្ទាប់ពីការឈ្នះរបស់ពួកគេលើជម្រើសជាតិបារាំង។ ច្បាប់របស់ FIFA ចែងថា ពានរង្វាន់នោះអាចប៉ះបានតែក្រុមមនុស្សសំខាន់ដែលពាក់ព័ន្ធប៉ុណ្ណោះ រួមទាំងអ្នកឈ្នះការប្រកួត មន្ត្រី FIFA និងប្រមុខរដ្ឋ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ BBC Sport អ្នកនាំពាក្យរបស់ FIFA បាននិយាយថា៖«បន្ទាប់ពីការពិនិត្យឡើងវិញ FIFA បាននិងកំពុងស៊ើបអង្កេត ពីរបៀបដែលបុគ្គលមួយចំនួនអាចទទួលបានសិទ្ធិចូលទីលានដោយមិនសមរម្យ បន្ទាប់ពីពិធីបិទនៅកីឡដ្ឋាន Lusail កាលពីថ្ងៃទី១៨ ខែធ្នូ»។ រំលឹកផងដែរថា លោក Salt Bae គឺជាម្ចាស់ហាងសាច់អាំងដ៏ប្រណីតមួយកន្លែង ហើយទទួលបានភាពល្បីល្បាញក្នុងឆ្នាំ២០១៧ បន្ទាប់ពីបច្ចេកទេសរបស់គាត់នៅក្នុងការរៀបចំ និងការរោយអំបិល របស់គាត់បានក្លាយជា meme នៅលើអ៊ីនធឺណិត។

កីឡាករបាល់ទាត់បច្ចុប្បន្ន និងអតីតកីឡាករបាល់ទាត់ជាច្រើន រួមទាំង Messi, Cristiano Ronaldo និង David Beckham ធ្លាប់បានហូបអាហារនៅភោជនីយដ្ឋានលោក Salt Bae។ កាលពីខែវិច្ឆិកា ក្នុងអំឡុងការប្រកួត World Cup គាត់ក៏បានបង្ហោះវីដេអូដែលគាត់បានឱបប្រធាន FIFA គឺលោក Gianni Infantino ហើយក្រោយមកក៏មានរូបថតរបស់គាត់ ដែលអង្គុយកៅអី VIP ក្នុងការប្រកួតមួយ ជាមួយវីរបុរសប្រេស៊ីល Ronaldo, Roberto Carlos និង Cafu ។ Messi ហាក់ដូចជាមិនខ្វល់នឹង Salt Bae បន្ទាប់ពីការឈ្នះរបស់អាហ្សង់ទីន ខណៈដែលមេចុងភៅព្យាយាមទាក់ទាញចំណាប់អារម្មណ៍របស់គាត់៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: