អន្តរជាតិ

ប្រទេសម៉ារ៉ុកចាប់ផ្ដើមហាមឃាត់អ្នកដំណើរទាំងអស់មកពីប្រទេសចិន ដោយមិនគិតពីសញ្ជាតិទាំងអស់ចាប់ពីដើមខែមករានេះទៅ

BY
autoadmin
January 2, 2023

ប្រទេសម៉ារ៉ុកចាប់ផ្ដើមហាមឃាត់អ្នកដំណើរទាំងអស់មកពីប្រទេសចិន ដោយមិនគិតពីសញ្ជាតិចាប់ពីថ្ងៃអង្គារស្អែកនេះ ខណៈពេលដែលករណីជំងឺ COVID-19 កំពុងមានការកើនឡើងជាលំដាប់នៅទីនោះ។ ក្រសួងការបរទេសរបស់ប្រទេសម៉ារ៉ុកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា៖«វិធានការពិសេសនេះ មិនប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពដ៏ស្មោះត្រង់រវាងប្រជាជនទាំងពីរ ឬភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឡើយ»។

ការសម្រេចចិត្តនេះ គឺតាមពីក្រោយប្រទេសកាណាដា និងអូស្ត្រាលី ដែលតម្រូវឱ្យអ្នកធ្វើដំណើរមកពីប្រទេសចិនត្រូវធ្វើតេស្ដរកជំងឺ COVID-19 រួមទាំងហុងកុង និងម៉ាកាវ។ សហរដ្ឋអាមេរិក អង់គ្លេស អ៊ីស្រាអែល អេស្បាញ បារាំង ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា ក៏បានចាត់វិធានការស្រដៀងគ្នានេះរួចហើយ។ ប៉ុន្តែ​ប្រទេស​ម៉ារ៉ុក​គឺជា​ប្រទេស​ដំបូង​គេ​ដែល​ដាក់​បម្រាម​ទាំងស្រុង។

មុនការដាក់បំរាមនេះ ប្រទេសម៉ារ៉ុកមានទំនាក់ទំនងល្អជាមួយចិនគួរឱ្យកត់សម្គាល់ ដោយប្រទេសនេះបានធ្វើជាម្ចាស់ផ្ទះឱ្យភ្ញៀវទេសចរណ៍ជាង ១៣០,០០០ នាក់ មកពីប្រទេសចិន មុនពេលជំងឺរាតត្បាតនៅក្នុងឆ្នាំ២០១៨ ដែលជាការកើនឡើងពី ១០,០០០ នាក់ ក្នុងឆ្នាំ ២០១៥។ ប្រទេសផ្សេងទៀតរួមទាំងសហរដ្ឋអាមេរិក អង់គ្លេស និងបារាំងគ្រោងនឹងដាក់កំហិតពាក់ព័ន្ធនឹងជំងឺ COVID លើការមកដល់ពីប្រទេសចិន ដោយទាមទារលទ្ធផលតេស្តអវិជ្ជមាន៕

អត្ថបទ៖ លីដា
ប្រភព៖ SCMP

Share This Post: