ទាហានថៃម្នាក់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ កំឡុងពេលបេសកកម្មបោសសម្អាតមីនមនុស្សធម៌នៅព្រំដែនកម្ពុជា-ថៃ
- BY
- autoadmin
- January 6, 2023
ទាហានថៃម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ នៅកំឡុងពេលបេសកកម្មបោសសម្អាតមីនមនុស្សធម៌ នៅឯតំបន់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃព្រហស្បតិ៍។ ពលទាហានទាំង ២ មានឈ្មោះ Akkaraphol Phuwadolworanat និង Warongkorn Sri-ngam បានទៅដោះមីនដែលបន្សល់ទុកពីជម្លោះមុនៗ នៅឯស្រុក Kantharalak ខេត្ត Si Saket។ លោក Akkaraphol បានស្លាប់ ហើយលោក Warongkorn ក៏បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅពេលដែលមីនមួយបានផ្ទុះនៅម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងៃព្រហស្បតិ៍។ គួរឱ្យដឹងដែរថា ស្រុក Kantharalak គឺជាទីតាំងនៃជម្លោះដ៏យូរទស្សវត្សន៍ជុំវិញទឹកដីប្រាសាទព្រះវិហារ។

នាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា បានសម្តែងការរំលែកទុក្ខដល់គ្រួសារទាហានទាំង ២ និងបានណែនាំដល់មេបញ្ជាការឱ្យដាក់ការប្រុងប្រយ័ត្នបន្ថែម សម្រាប់បេសកកម្មដែលនៅសល់។ កងទ័ពនឹងរៀបចំពិធីបុណ្យសពឱ្យលោក Akkaraphol និងផ្តល់អត្ថប្រយោជន៍ដល់គ្រួសារទាហានទាំង ២ តាមបទប្បញ្ញត្តិ។
ក្រសួងការពារជាតិថៃបាននិយាយថា រហូតមកដល់ពេលនេះ ខ្លួនបានបោសសម្អាតមីនចេញពីផ្ទៃដីចំនួន ២,៥២៧ គីឡូម៉ែត្រក្រឡា ក្នុងខេត្តចំនួន ២១។ ប្រហែល ២៩.៧ គីឡូម៉ែត្រការ៉េ ក្នុងខេត្តចំនួន ៦ ផ្សេងទៀត នៅតែត្រូវការការបោសសម្អាត។ គួររំលឹកផងដែរថា អាជ្ញាធរថៃ និងកម្ពុជា បានជួបប្រជុំគ្នាកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដោយបានព្រមព្រៀងគ្នាក្នុងការពន្លឿនការបោសសម្អាតមីននៅតាមព្រំដែន ដើម្បីធានាសុវត្ថិភាពប្រជាជនក្នុងមូលដ្ឋាន៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






