Man City ប្រើប្រាស់ “ផែនការ B” ដើម្បីផ្តួលម្ចាស់ផ្ទះ Chelsea ក្នុងលទ្ធផល ១ : 0
អង់គ្លេស៖ ក្រុមមេឃខៀវ Manchester City បានលុតក្រុមម្ចាស់ផ្ទះតោខៀវ Chelsea ក្នុងលទ្ធផល ១ ទល់ ០ ក្នុងជំនួបដ៏តានតឹងកាលពីយប់មិញនេះ ខណៈជ័យជំនះនេះបានជួយឲ្យ Manchester City អាចបន្ថយគម្លាតបាន ៣ពិន្ទុបន្ថែមទៀតពីក្រុមកំពុងស្ថិតនៅកំពូលតារាងគឺក្រុមកាំភ្លើងធំ Arsenal។ តាមរយៈជ័យជំនះដ៏សំខាន់នេះគេមើលឃើញថា គ្រូបង្វឹកក្រុមមេឃខៀវ លោក Pep Guardiola បានប្រើប្រាស់យុទ្ធសាស្រ្តថ្មីមួយ ខុសពីយុទ្ធសាស្រ្តដែលលោកធ្លាប់បានប្រើប្រាស់នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្ត Champions League កាលពីឆ្នាំ ២០២១ ដែលពេលនោះ Manchester City បានលេងចាញ់ Chelsea ។

បើតាមបណ្តាញសារព័ត៌មាន Live Score បានចុះផ្សាយថា លោក Pep Guardiola បានប្រើប្រាស់ “ផែនការ B” ដើម្បីដណ្តើមយក ៣ពិន្ទុនេះ ខណៈយុទ្ធសាស្រ្តលេងនេះគឺជាផែនការទី ២ សម្រាប់បម្រុងទុកលេងបន្ទាប់ពីផែនការចម្បង ឬ “ផែនការ A” ដែល Manchester City ធ្លាប់បានប្រើប្រាស់និងលេងចាញ់ Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្ត Champions League ឆ្នាំ ២០២១។ គួរបញ្ជាក់ថា គ្រាប់បាល់របស់ក្រុមមេឃខៀវគឺអាចរកបានដោយកីឡាករ Riyad Mahrez នៅនាទី ទី៦៣ ហើយគិតត្រឹមពេលនេះក្រុម Manchester City កំពុងស្ថិតនៅលេខរៀងទី ២ក្នុងតារាងពិន្ទុក្របខណ្ឌ Prime League មាន ៣៩ពិន្ទុ ខណៈក្រុមកំពូងតារាងមាន ៤៤ពិន្ទុ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Live Score