ទំនងមែនទែន! ក្រុមហ៊ុនមួយនៅវៀតណាម បានរៀបចំកាដូឆ្នាំថ្មីនៅនឹងកែបម៉ូតូរបស់បុគ្គលិក ដើម្បីលើកទឹកចិត្តនៅក្នុងឱកាសឆ្នាំថ្មីខាងមុខនេះ
- BY
- autoadmin
- January 11, 2023
កាលពីពេលថ្មីៗនេះ រោងចក្រកាត់ដេរសម្លៀកបំពាក់កីឡារនៅក្នុងទីក្រុង Thái Bình របស់ប្រទេសវៀតណាម បានរៀបចំនូវកាដូឆ្នាំថ្មីប្រពៃណីវៀតណាម (Tết Nguyên Đán) ជូនដល់បុគ្គលិករបស់ពួកគេ ដោយការចងភ្ជាប់កាដូឆ្នាំថ្មីទាំងនោះនៅកែបក្រោយម៉ូតូរបស់បុគ្គលិកតែម្ដង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Diendandoanhnghiep កាលពីថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ២០២៣។ ធ្វើដូចនេះ បុគ្គលិករបស់រោងចក្រនឹងមិនចាំបាច់ហត់លើការលើកដាក់អីវ៉ាន់ដោយខ្លួនឯង ខណៈការរៀបចំបែបនេះ ក៏កំពុងទទួលបានការកោតសរសើរពីមហាជន ចំពោះរោងចក្រដែលលើកទឹកចិត្តដល់បុគ្គលិករបស់ខ្លួនផងដែរ។

កាដូឆ្នាំថ្មីនេះ គឺជាការរៀបចំដោយក្រុមហ៊ុន Tan De Sports Goods Manufacturing ដែលមានរោងចក្រសរុបចំនួន ១០ នៅក្នុងប្រទេសវៀតណាម។ ដោយនៅក្នុងទីក្រុង Thai Binh តែមួយមានរហូតដល់ទៅ ៨សាខា នៅខេត្ត Hung Yen ១សាខា និងការិយាល័យកណ្តាល ស្ថិតនៅក្នុងទីក្រុងហាណូយ។ រោងចក្រទាំង ១០ មានបុគ្គលិកសរុបចំនួន ១៨,៣០០នាក់ និងបានដំណើរការអស់រយៈពេល ៥ឆ្នាំមកហើយ។ កាដូនីមួយៗមានតម្លៃប្រមាណជាង ៥០ដុល្លារ ឬ ១.២ លានដុង ដោយក្នុងនោះមានដូចជា៖ អង្ករ ស្រាបៀរ មីកញ្ចប់ ទឹកត្រីជាដើម ដែលជាកាដូបន្ថែមពីលើប្រាក់បន្ថែម (Bonus) ដែលបុគ្គលិកម្នាក់ៗនឹងទទួលបាន៕





អត្ថបទ៖ លីដា
ប្រភព៖ Diendandoanhnghiep
- Share This Post:






