អន្តរជាតិ

ណាសានឹងអភិវឌ្ឍម៉ាស៊ីនរ៉ុក្កែតដោយប្រើបច្ចេកវិទ្យានុយក្លេអ៊ែរ​ សម្រាប់បេសកកម្មនាំមនុស្សទៅកាន់ភពព្រះអង្គារ

BY
autoadmin
January 26, 2023

ទីភ្នាក់ងារអវកាសអាមេរិកណាសាបាននិយាយថា ខ្លួននឹងអភិវឌ្ឍម៉ាស៊ីនរ៉ុក្កែតដោយប្រើបច្ចេកវិទ្យានុយក្លេអ៊ែរ Nuclear thermal propulsion សម្រាប់បេសកកម្មអនាគតរបស់មនុស្សទៅកាន់ភពព្រះអង្គារ។ ណាសាបានប្រកាសពីគម្រោងរួមគ្នាជាមួយ DARPA ដែលជាទីភ្នាក់ងារគម្រោងស្រាវជ្រាវការពារជាតិ និងជាស្ថាប័នស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក។ ម៉ាស៊ីន​រ៉ុក្កែត​ថ្មី​នឹង​ត្រូវ​បាន​ជំរុញ​ដោយ​កម្ដៅ​ ដែល​បង្កើត​ឡើង​ដោយ​​នុយក្លេអ៊ែរ​នៅ​ក្នុង​ម៉ាស៊ីន​រ៉េអាក់ទ័រ​តូចរបស់វា។

ទីភ្នាក់ងារណាសាបាននិយាយថា រ៉ុក្កែតកម្លាំងនុយក្លេអ៊ែរអាចមានប្រសិទ្ធភាពជាង ៣ដង ឬច្រើនជាងនេះ នៅក្នុងការជំរុញម៉ាស៊ីន។ ពេលវេលាធ្វើដំណើរលឿនជាងមុននឹងកាត់បន្ថយហានិភ័យសម្រាប់អវកាសយានិក។ ការធ្វើដំណើរខ្លីក៏ត្រូវការអាហារ និងការផ្គត់ផ្គង់ផ្សេងៗទៀតតិចជាងមុន ខណៈណាសាកំពុងរៀបចំផែនការបង្ហាញម៉ាស៊ីនរ៉ុក្កែតថ្មីនៅក្នុងលំហនៅដើមឆ្នាំ២០២៧។ យ៉ាងណាក៏ដោយ សុវត្ថិភាពនៅតែជាបញ្ហាប្រឈមដ៏សំខាន់ ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរនៅក្នុងលំហ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: