លោក Zelenskyy អំពាវនាវឱ្យមានការជួយពីអង្គការអន្តរជាតិ សម្រាប់ពលរដ្ឋដែលរងគ្រោះដោយសារការបាក់ទំនប់នៅ Nova Kakhovka
- BY
- autoadmin
- June 8, 2023
ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានអំពាវនាវឱ្យអង្គការអន្តរជាតិជួយជាបន្ទាន់ ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់ដ៏ធំ ដែលបណ្តាលមកពីការបាក់ទំនប់នៅភាគខាងត្បូងអ៊ុយក្រែន។ នៅក្នុងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធ លោក Zelenskyy បាននិយាយថា មនុស្សជាង ២,០០០ នាក់ ត្រូវបានជួយសង្គ្រោះដោយយោធា និងសេវាកម្មពិសេសរបស់ប្រទេសអ៊ុយក្រែន។ ប៉ុន្តែលោកបាននិយាយថា ស្ថានភាពនៅក្នុងតំបន់ Kherson ដែលកាន់កាប់ដោយរុស្ស៊ីគឺរងគ្រោះមហន្តរាយយ៉ាងខ្លាំង។

គាត់បានរិះគន់រុស្ស៊ីចំពោះការបោះបង់ចោលមនុស្សនៅទីនោះក្នុង «លក្ខខណ្ឌដ៏គួរឱ្យភ័យខ្លាច» ដោយបន្ថែមថា វានៅមិនអាចកំណត់បានថា តើមនុស្សប៉ុន្មាននាក់ក្នុងទឹកដីដែលរុស្ស៊ីបានកាន់កាប់មួយនោះ អាចនឹងស្លាប់ដោយគ្មានការជួយសង្គ្រោះ ទឹកស្អាត អាហារ និងការថែទាំវេជ្ជសាស្ត្រ។ លោក Zelenskyy បាននិយាយថា កិច្ចខិតខំប្រឹងប្រែងទ្រង់ទ្រាយធំគឺចាំបាច់។ លោកបាននិយាយថា អង្គការអន្តរជាតិ ដូចជាគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ចាំបាច់ត្រូវចូលរួមជាបន្ទាន់នូវប្រតិបត្តិការជួយសង្គ្រោះ និងជួយប្រជាជននៅក្នុងតំបន់ដែលកាន់កាប់នៅតំបន់ Kherson៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






