តុលាការឧក្រិដ្ឋកម្មអន្តរជាតិ កំពុងបើកការស៊ើបអង្កេតលើគ្រោះមហន្តរាយបាក់ទំនប់នៅក្រុង Kakhovka
- BY
- autoadmin
- June 12, 2023
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ការស៊ើបអង្កេតអន្តរជាតិកំពុងដំណើរការ បន្ទាប់ពីការបាក់ទំនប់នៅទីក្រុង Kakhovka កាលពីថ្ងៃទី០៦ ខែមិថុនា នៅភាគខាងត្បូងនៃតំបន់ Kherson។ ក្រសួងមហាផ្ទៃរបស់ប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស ៦ នាក់បានស្លាប់ និង ៣៥ នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅក្នុងទឹកជំនន់ដ៏ធំ ដែលបណ្តាលមកពីការបាក់ទំនប់នោះ ខណៈអ៊ុយក្រែន និងរុស្ស៊ីកំពុងចោទប្រកាន់គ្នាទៅវិញទៅមក។

ក្នុងសុន្ទរកថាកាលពីថ្ងៃអាទិត្យលោក Zelenskyy បាននិយាយថា មួយថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយបាក់ទំនប់ រដ្ឋធានីកៀវបានផ្ញើសំណើទៅការិយាល័យព្រះរាជអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដើម្បីធ្វើការស៊ើបអង្កេត។ លោក Zelenskyy បានបញ្ជាក់ថា ដំណើរការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើង ហើយលោកបានសន្យាថា នឹងសហការជាមួយ ICC។
គេជឿថា ICC នឹងពិនិត្យលើកត្តាដែលបង្កឱ្យមានការបាក់ទំនប់ Kakhovka និងថា តើវាមានលទ្ធភាពជាឧក្រិដ្ឋកម្មសង្គ្រាមដែរ ឬទេ។ លោក Zelenskyy ក៏បាននិយាយផងដែរថា កងកម្លាំងរុស្ស៊ីបន្តវាយប្រហារអ្នកជម្លៀសនៅក្នុងតំបន់រងគ្រោះ។ គាត់បានរិះគន់រុស្ស៊ីយ៉ាងចាស់ដៃ ដោយនិយាយថា៖«សូម្បីតែសត្វក៏មានសីលធម៌ជាងអ្នកដែរ រដ្ឋរុស្ស៊ី»។ ការប្រយុទ្ធគ្នាយ៉ាងសាហាវត្រូវបានគេជឿថា នឹងបន្តនៅពេលដែលកងកម្លាំងអ៊ុយក្រែនបង្កើនការវាយលុករបស់ខ្លួន។ ចំណែកយោធារុស្ស៊ីនិយាយថា ខ្លួនបានបំផ្លាញអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច រួមទាំងរថក្រោះផលិតដោយអាល្លឺម៉ង់ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






