ម៉ាឡេស៊ីកំពុងស្វែងរកជំនួយពី Interpol ដើម្បីតាមរកតារាកំប្លែងម្នាក់ ដែលនិយាយចំអកពីការបាត់ខ្លួនរបស់យន្ដហោះ MH370
- BY
- autoadmin
- June 14, 2023
ប្រទេសម៉ាឡេស៊ីកំពុងស្វែងរកជំនួយពី Interpol ដើម្បីតាមរកតារាកំប្លែងនៅទីក្រុងញូវយ៉កម្នាក់ ដែលបាននិយាយចំអកពាក់ព័ន្ធនឹងយន្តហោះម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួនកាលពីឆ្នាំ២០១៤។ ប៉ូលីសបាននិយាយថា តារាកំប្លែងស្រី Jocelyn Chia ដែលជាជនជាតិអាមេរិកធំធាត់នៅសិង្ហបុរី កំពុងត្រូវបានស៊ើបអង្កេតក្រោមច្បាប់ទាក់ទងនឹងការញុះញង់ និងការប្រមាថមើលងាយនៅលើអ៊ីនធឺណិត។ ការសម្ដែងរបស់អ្នកស្រីត្រូវបានបង្ហោះតាមអ៊ីនធឺណិតកាលពីសប្តាហ៍មុន ហើយវាបានជំរុញឱ្យមានការតវ៉ាជាផ្លូវការពីប្រទេសម៉ាឡេស៊ី និងការសុំទោសភ្លាមៗពីភាគីសិង្ហបុរី។

មេប៉ូលិសជាតិម៉ាឡេស៊ីលោក Acryl Sani Abdullah Sani បានឱ្យដឹងថា ពាក្យស្នើសុំនឹងត្រូវដាក់ទៅ Interpol ដើម្បីទទួលបានអត្តសញ្ញាណពេញលេញ និងទីតាំងចុងក្រោយរបស់អ្នកស្រី Jocelyn Chia។ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅម៉ាឡេស៊ីបានសម្ដែងការសោកស្ដាយ និងបាននិយាយថា សម្ដីរបស់អ្នកស្រី Chia មិនតំណាងឱ្យប្រជាជនសិង្ហបុរីទេ។ ចំណែកលោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រមាថរបស់អ្នកស្រី Chia។

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






