អន្តរជាតិ

លោក គីម ជុងអ៊ុន បានផ្ញើលិខិតលើកសរសើរទៅកាន់លោក ស៊ី ជីនពីង ក្នុងឱកាសខួបកំណើតគម្រប់ ៧០ឆ្នាំ

BY
autoadmin
June 15, 2023

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើលិខិតមួយទៅកាន់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅក្នុងថ្ងៃខួបកំណើតគម្រប់ ៧០ឆ្នាំរបស់គាត់។ នៅក្នុងសារនោះលោក គីម បាននិយាយថា ទីក្រុងប៉េកាំងបានកសាងសង្គមប្រកបដោយសុខដុមរមនា ហើយថា អំណាចជាតិ និងជំហរអន្តរជាតិរបស់ចិនត្រូវបានពង្រឹងគួរឱ្យកត់សម្គាល់ ក្រោមការដឹកនាំដ៏ស្វាហាប់របស់លោក ស៊ី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ។

KCNA បាននិយាយជាភាសាអង់គ្លេសថា៖«សារនេះបង្ហាញពីជំនឿចិត្តថា ការតស៊ូដើម្បីភាពរុងរឿងរបស់ប្រទេសចិនប្រាកដជាទទួលបានជ័យជំនះ ដោយសារមានការដឹកនាំពីលោក ស៊ី ជីនពីង ហើយគណបក្ស និងប្រជាជននៅជុំវិញគណៈកម្មាធិការមជ្ឈិមបក្ស តែងតែនៅជាមួយគាត់ជាធ្លុងមួយ»។ សាររបស់លោក គីម បានធ្វើឡើងនៅពេលដែលកូរ៉េខាងជើងបាននិងកំពុងស្វែងរកការពង្រឹងទំនាក់ទំនងជាមួយចិន ដែលជាសម្ព័ន្ធមិត្តប្រពៃណី និងជាអ្នកផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់ខ្លួន ចំពេលមានការដាក់ទណ្ឌកម្មជាសកលលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង និងការផ្អាកកិច្ចពិភាក្សាស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ Korea Herald

Share This Post: