ព្យុះស៊ីក្លូន Biparjoy បានបង្ខំមនុស្សជាង ១៥០,០០០ នាក់ នៅក្នុងប្រទេសឥណ្ឌា និងប៉ាគីស្ថាន ត្រូវជម្លៀសចេញពីផ្ទះសម្បែង
- BY
- autoadmin
- June 15, 2023
មនុស្សជាង ១៥០,០០០ នាក់ នៅក្នុងប្រទេសឥណ្ឌា និងប៉ាគីស្ថាន ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ មុនពេលដែលព្យុះស៊ីក្លូនដ៏មានឥទ្ធិពលមួយ នឹងចូលមកដល់នៅថ្ងៃព្រហស្បតិ៍។ ក្រុមអ្នកព្យាករណ៍បានព្រមានថា ព្យុះស៊ីក្លូន Biparjoy ដែលមានន័យថា «គ្រោះមហន្តរាយ» នៅក្នុងភាសាបង់ក្លាដែស អាចបំផ្លាញផ្ទះសម្បែង និងដំណាំផ្សេងៗនៅក្នុងដំណើររបស់វា។ ព្យុះនឹងវាយលុករដ្ឋ Gujarat របស់ឥណ្ឌាជាលើកដំបូងនៅល្ងាចថ្ងៃព្រហស្បតិ៍ ហើយអាចនឹងធ្វើឱ្យមានការបោកបក់ខ្លាំង នៅក្បែរកំពង់ផែ Jakhau រវាង Mandvi ក្នុងរដ្ឋ Gujarat និង Keti Bandar ក្នុងខេត្ត Sindh របស់ប៉ាគីស្ថាននៅចន្លោះពេលល្ងាច។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប៉ាគីស្ថានបានព្រមានអំពីរលក ដែលមានកម្ពស់រហូតដល់ ៣-៤ ម៉ែត្រ តាមបណ្តោយឆ្នេរសមុទ្រពី Karachi ដល់ Gujarat របស់ប្រទេសឥណ្ឌា។ ស្នងការសង្គ្រោះនៃរដ្ឋ Gujarat លោក Alok Pandey បាននិយាយថា ល្បឿនរបស់ព្យុះស៊ីក្លូនបានថយចុះ ប៉ុន្តែល្បឿនខ្យល់ត្រូវបានគេរំពឹងថា នឹងមានប្រហែល ១១០-១២០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលក្រោយមក។ ការិយាល័យអាកាសធាតុរបស់ប្រទេសឥណ្ឌាបានព្រមានថា ព្យុះស៊ីក្លូននឹងធ្វើឱ្យខូចផ្លូវថ្នល់ ផ្ទះប្រក់ស័ង្កសី និងបំផ្លាញប៉មអគ្គិសនី និងដើមឈើនៅតាមឆ្នេរសមុទ្រ Gujarat៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






