ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សពត្រីរាប់ម៉ឺនក្បាលបានបោកបក់ទៅលើឆ្នេរខ្សាច់រដ្ឋតិចសាស់ ដោយសារគ្មានអុកស៊ីសែនគ្រប់គ្រាន់នៅក្នុងទឹក

    BY autoadmin June 16, 2023
    សពត្រីរាប់ម៉ឺនក្បាលបានបោកបក់ទៅលើឆ្នេរខ្សាច់រដ្ឋតិចសាស់ ដោយសារគ្មានអុកស៊ីសែនគ្រប់គ្រាន់នៅក្នុងទឹក

    ត្រី Menhaden រាប់ម៉ឺនក្បាលបានងាប់ និងបោកបក់ទៅលើឆ្នេរខ្សាច់ក្នុងរដ្ឋតិចសាស់ ដោយសារការថប់ដង្ហើម ដែលបណ្ដាលមកពីកង្វះអុកស៊ីសែននៅក្នុងទឹក នៅតាមបណ្ដោយឈូងសមុទ្រម៉ិកស៊ិក។ ត្រីងាប់ត្រូវបានរកឃើញកាលពីព្រឹកថ្ងៃសុក្រសប្ដាហ៍មុន នៅជិតឆ្នេរ Bryan និងជិតមាត់ទន្លេ Brazos ដែលមានចម្ងាយ ៦ម៉ាយ ពីសួន Quintana Park។ មន្ត្រីឧទ្យាន Quintana Beach County Park បាននិយាយថា សីតុណ្ហភាពក្ដៅគឺជាកត្ដាដែលធ្វើឱ្យមានកង្វះអុកស៊ីសែននៅក្នុងទឹក ហើយត្រីទាំងនោះមិនអាចមានអុកស៊ីសែនគ្រប់គ្រាន់ ដូចនៅក្នុងរដូវត្រជាក់នោះទេ។

    បាតុភូតនេះតែងតែកើតមានឡើងនៅរដូវក្តៅ ហើយការស្លាប់របស់ត្រីនឹងកាន់តែអាក្រក់ជាងនេះ នៅទូទាំងសហរដ្ឋអាមេរិក និងអឺរ៉ុបក្នុងរដូវក្ដៅនេះ។ ត្រីបានងាប់យ៉ាងរង្គាលនៅលើឆ្នេរ ដែលធ្វើឱ្យបុគ្គលិកនៅឧទ្យាន Quintana Park ត្រូវប្រើពេលជាច្រើនថ្ងៃ ដើម្បីសម្អាតត្រីដែលរលួយពីផ្លូវដើរ។ ត្រីជាច្រើនកំពុងប្រឈមនឹងកង្វះអុកស៊ីសែន នៅពេលដែលទឹកបានឡើងកម្ដៅដល់ ៧០ អង្សាហ្វារិនហៃ (ជាង ២១ អង្សាសេ) ហើយមិនអាចសំយោគអុកស៊ីសែនបាន។ ត្រីគ្រប់ប្រភេទបានទទួលរងហានិភ័យដូចគ្នា ប៉ុន្តែត្រីដែលរងគ្រោះថ្នាក់ជាងគេគឺ Menhaden ដោយសារតែវារស់នៅក្នុងទឹករាក់ៗ ដែលកម្ដៅទឹកមានសភាពក្ដៅខ្លាំង៕

    អត្ថបទ៖ លីដា
    ប្រភព៖ Daily Mail

    Share This Post: