អន្តរជាតិ

សិង្ហបុរីកំពុងដាក់ពង្រាយរ៉ូបូតល្បាត ដើម្បីជួយសម្រួលដល់ប្រតិបត្តិការរបស់កម្លាំងប៉ូលីស

BY
autoadmin
June 15, 2023

សិង្ហបុរីនឹងដាក់ពង្រាយជាបណ្តើរៗនូវ «រ៉ូបូតល្បាត» ទូទាំងប្រទេសបន្ថែមទៀត បន្ទាប់ពីការធ្វើតេស្តសាកល្បងខ្នាតតូចអស់រយៈពេលជាង ៥ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍។ កម្លាំងប៉ូលីសសិង្ហបុរី (SPF) បានឱ្យដឹងថា រ៉ូបូតត្រូវបានដាក់ពង្រាយនៅស្ថានីយទី៤ របស់អាកាសយានដ្ឋាន Changi ចាប់តាំងពីខែមេសា ដើម្បីបង្កើនប្រតិបត្តិការល្បាតរួមគ្នាជាមួយកម្លាំងប៉ូលីស ស្របពេលដែលទីក្រុងមានប្រជាជន ៥.៦ លាននាក់មួយនេះ កំពុងខ្វះខាតកម្លាំងមនុស្ស។

រ៉ូបូតល្បាតទាំងនោះ បានបំពាក់ដោយកាមេរ៉ា ឧបករណ៍ចាប់សញ្ញា ឧបករណ៍បំពងសម្លេង អេក្រង់បង្ហាញ មុខងារព្រិចភ្នែក និងស៊ីរ៉ែន។ វាក៏បំពាក់ដោយកាមេរ៉ា ៣៦០ ដឺក្រេ ដែលផ្តល់នូវទិដ្ឋភាពគ្រប់ជ្រុងជ្រោយ ទៅមន្ត្រីក្នុងបន្ទប់ស្ថានការណ៍ ហើយបណ្តាញផ្លូវ ២ របស់វា នឹងអនុញ្ញាតឱ្យរ៉ូបូតអាចនិយាយព្រមាន ឬយាមល្បាតទីតាំងមានឧប្បត្តិហេតុណាមួយ។ ប៉ូលីសបាននិយាយថា រ៉ូបូតល្បាតគឺជាបច្ចេកវិទ្យាថ្មីរបស់ SPF ដែលមានសមត្ថភាពល្បាតដោយស្វយ័ត ហើយផ្តល់ឱ្យប៉ូលីសនូវរូបភាពស្ថានភាពយ៉ាងប្រសើរ ដើម្បីអនុញ្ញាតឱ្យមានការសម្រេចចិត្ត និងការយល់ដឹងកាន់តែប្រសើរឡើង៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: