កូរ៉េខាងជើងបានថ្កោលទោសសហរដ្ឋអាមេរិក ហើយព្រមាននឹងសងសឹកដោយនុយក្លេអ៊ែរ
- BY
- autoadmin
- June 26, 2023
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃចន្ទ ទី២៦ ខែមិថុនា បានរាយការណ៍ថា កូរ៉េខាងជើងបានរៀបចំការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំនៅទីក្រុងព្យុងយ៉ាង ជាមួយនឹងពាក្យស្លោកថា «សង្គ្រាមសងសឹក» ឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ខណៈដែលប្រទេសនេះបានប្រារព្ធខួបលើកទី៧៣ នៃការផ្ទុះឡើងនៃសង្គ្រាមកូរ៉េ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា អ្នកធ្វើការ និងនិស្សិត ប្រហែល ១២០,០០០ នាក់ បានចូលរួមក្នុងការប្រមូលផ្តុំគ្នាដែលបានធ្វើឡើងនៅទូទាំងរដ្ឋធានីកាលពីថ្ងៃអាទិត្យ។

រូបថតរបស់ប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញកីឡដ្ឋានមួយ ដែលប្រមូលផ្តុំដោយហ្វូងមនុស្សកាន់បដារួមមាន៖ «ទឹកដីអាមេរិកទាំងមូលស្ថិតនៅក្នុងរង្វង់ដែលយើងអាចបាញ់ប្រហារទៅដល់» និង «ចក្រពត្តិនិយមអាមេរិកជាអ្នកបំផ្លាញសន្តិភាព» ក៏ដូចជាបដាតូចធំជាច្រើនទៀត។ វាបានកើតមានឡើងចំពេលមានការព្រួយបារម្ភថា ទីក្រុងព្យុងយ៉ាងអាចនឹងធ្វើការបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួន ក្នុងពេលឆាប់ៗនេះ ដើម្បីបង្កើនការត្រួតពិនិត្យសកម្មភាពយោធារបស់សហរដ្ឋអាមេរិក បន្ទាប់ពីការប៉ុនប៉ងលើកដំបូងរបស់ខ្លួនបានបរាជ័យ កាលពីថ្ងៃទី៣១ ខែឧសភា។
ប្រទេសកូរ៉េខាងជើង បាននិងកំពុងសាកល្បងអាវុធជាច្រើនប្រភេទ រួមទាំង មីស៊ីលផ្លោងអន្តរទ្វីបដ៏ធំបំផុតរបស់ខ្លួន ដោយបង្កើនភាពតានតឹងជាមួយកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តសំខាន់របស់កូរ៉េខាងត្បូង គឺសហរដ្ឋអាមេរិក។ នៅក្នុងរបាយការណ៍របស់ក្រសួងការបរទេសដាច់ដោយឡែកមួយ កូរ៉េខាងជើងបាននិយាយថា សហរដ្ឋអាមេរិកកំពុង «ព្យាយាមបញ្ឆេះសង្រ្គាមនុយក្លេអ៊ែរ» ដោយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ពីការបញ្ជូនទ្រព្យសម្បត្តិយុទ្ធសាស្ត្រទៅកាន់តំបន់មានជម្លោះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






