អន្តរជាតិ

ក្រសួងបរិវត្តកម្មឌីជីថលរបស់ជប៉ុន បានជំរុញឱ្យមានការប្រើប្រាស់ AI ដើម្បីបង្កើនផលិតភាព និងកែលម្អលក្ខខណ្ឌការងាររបស់មន្ត្រី

BY
autoadmin
June 27, 2023

លោក Kono Taro រដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថលរបស់ប្រទេសជប៉ុន កំពុងជំរុញឱ្យមានការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ដើម្បីឱ្យមន្ត្រីរាជការអាចបង្កើនផលិតភាព និងកែលម្អលក្ខខណ្ឌការងាររបស់ពួកគេ។ ការងារហួសប្រមាណ មានភាពល្បីល្បាញជាយូរយារណាស់មកហើយ នៅក្នុងចំណោមទីភ្នាក់ងាររដ្ឋាភិបាលកណ្តាលរបស់ជប៉ុន ដែលធ្វើឱ្យការងារស៊ីវិលគ្មានប្រជាប្រិយភាព ចំពេលមានកង្វះកម្លាំងពលកម្ម។ កាល​ពី​ថ្ងៃ​ចន្ទលោក Kono បាន​ចូល​ប្រជុំ​បុគ្គលិក​រដ្ឋាភិបាល​វ័យ​ក្មេង​ ដែល​ពិភាក្សា​អំពី​វិធី​ធ្វើ​ឱ្យការងារ​របស់​ពួក​គេ​កាន់​តែ​មាន​ប្រសិទ្ធភាព។

លោក Kono បានសង្ខេបអំពីការប្រើប្រាស់ AI ដើម្បីចងក្រងកំណត់ហេតុកិច្ចប្រជុំ និងបកប្រែឯកសារទៅជាភាសាជប៉ុន និងភាសាផ្សេងទៀត។ លោក Kono បានប្រាប់អ្នកយកព័ត៌មានថា ដើម្បីកែលម្អលក្ខខណ្ឌការងារនៅទីភ្នាក់ងាររដ្ឋាភិបាល វាជារឿងសំខាន់ក្នុងការកាត់បន្ថយការងារដែលធ្វើឱ្យផលិតភាពធ្លាក់ចុះ។ លោក​បាន​បន្ថែម​ថា លោក​មានក្ដីរំភើប​ក្នុងការរង់ចាំមើលផ្លែផ្កា ដែលពួកគេនឹងទទួលបាន។ លោក Kono បាននិយាយថា គាត់មានឆន្ទៈក្នុងការណែនាំ AI នៅការិយាល័យកណ្តាលរបស់រដ្ឋាភិបាល ប្រសិនបើវាអាចទទួលយកកិច្ចការមួយចំនួនដែលអនុវត្តដោយមន្ត្រី និងជួយធ្វើឱ្យកន្លែងធ្វើការរបស់ពួកគេកាន់តែមានភាពទាក់ទាញ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: