អន្តរជាតិ

មនុស្សជាង ៥៥ លាននាក់ស្ថិតក្រោមការជូនដំណឹង ខណៈរលកកម្ដៅដ៏អាក្រក់កំពុងគ្របដណ្ដប់នៅភាគខាងត្បូង និងបន្តរីករាលដាលទៅកាន់តំបន់ផ្សេងទៀតនៅសហរដ្ឋអាមេរិក

BY
autoadmin
June 28, 2023

រលកកម្ដៅក្ដៅខ្លាំងបានវាយប្រហារនៅភាគខាងត្បូង និងបន្តរីករាលដាលទៅកាន់តំបន់ផ្សេងទៀតនៅសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ ខណៈដែលមនុស្សជាង ៥៥ លាននាក់ ស្ថិតនៅក្រោមការជូនដំណឹងអំពីកម្ដៅដ៏ក្ដៅសន្ធប់នេះ។ រលកកម្ដៅបានវាយប្រហារនៅរដ្ឋតិចសាស់ អូក្លាហូម៉ា និងញូម៉ិកស៊ិក ក្នុងចំណោមតំបន់ភាគខាងត្បូងផ្សេងទៀតកាលពីសប្តាហ៍មុន ហើយបានបំបែកកំណត់ត្រាថ្មីសម្រាប់រដ្ឋខ្លះផងដែរ។ កម្ដៅដ៏ក្តៅគគុកនេះបានបង្កឡើងដោយសារសម្ពាធ​ខ្ពស់ ដែលនៅទ្រឹងនៅផ្នែកខាងត្បូង-កណ្តាលរបស់ប្រទេស។ សម្ពាធខ្ពស់នេះកំពុងតែពង្រីកខ្លួន ហើយនឹងផ្ទុះឡើងកម្ដៅទៅលើតំបន់ភាគខាងត្បូងនៅប៉ុន្មានថ្ងៃខាងមុខនេះ។

យោងតាមសេវាអាកាសធាតុជាតិសហរដ្ឋអាមេរិក (NWS) បានឱ្យដឹងថា រលកកម្ដៅបានបង្កើកភាពក្ដៅ និងសំណើមដ៏គ្រោះថ្នាក់នៅក្នុងរដ្ឋតិចសាស់ ហើយបានរីករាលដាលចូលទៅក្នុងជ្រលងទន្លេ Mississippi ខាងក្រោម។ ទីក្រុង San Angelo នៅរដ្ឋ West Texas ក៏បានចុះកត់ត្រាសីតុណ្ហភាព ១១៤ ហ្វារិនហៃ (៤៥.៥អង្សា) ចំនួនពីរដងក្នុងខែមិថុនា ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅទីនោះ។ ចំណែកនៅទីក្រុង Del Rio ក៏បានហក់​ឡើង​ដល់ ១១៥ ហ្វារិនហៃ ​ជា​លើក​ដំបូងផងដែរ ហើយនៅតំបន់ជាច្រើនទៀតសុទ្ធតែកំពុងមានការកើនឡើងនៃរលកកម្ដៅ។ តំបន់ឈូងសមុទ្រជាច្រើនទៀត ក៏នឹងឃើញកម្ដៅដ៏គ្រោះថ្នាក់នៅថ្ងៃអង្គារនេះ ដែលកន្លែងខ្លះអាចអូសបន្លាយរហូតដល់ថ្ងៃទី០៤ ខែកក្កដា នេះបើយោងតាមការព្យាករណ៍អាកាសធាតុ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: