NIO រថយន្តអគ្គិសនីសុទ្ធរបស់ចិន សាកភ្លើងម្តងអាចជិះបានជាង៥០០គីឡូម៉ែត្រឯណោះ
- February 28, 2019
ជាមួយនឹងសក្តានុពល ៥០ភាគរយ នៃទីផ្សាររថយន្តអេឡិចត្រូនិកនៅទូទាំងពិភពលោក ដែលនឹងត្រូវដាក់ទៅក្នុងប្រទេសចិនក្នុងពេលឆាប់ៗ ក្រុមហ៊ុន NIO គឺត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកួតប្រជែងនៅលើទីផ្សាររថយន្ត។ ជាក់ស្ដែងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី NIO ដែលត្រូវបានគេស្គាល់ថា ជាគូប្រជែងរបស់ Tesla ឬ «Tesla of China» បានកំពុងតែបញ្ចេញរថយន្តអគ្គិសនី ២ម៉ូដែល គឺ ES6 និង ES8 ដែលជាប្រភេទរថយន្ត SUV ដែលជាប្រភេទរថយន្តទំនើប រឹងមាំ អមជាមួយបច្ចេកវិទ្យាទំនើប ជាពិសេសគឺ AI ។
កាលពីឆ្នាំមុន NIO បានសម្រេចគោលដៅរបស់ខ្លួនក្នុងការផ្គត់ផ្គង់រថយន្តចំនួន ១០,០០០គ្រឿង ហើយឆ្នាំនេះ នាយកប្រតិបត្តិលោក William Li ក៏សង្ឃឹមថា នឹងអាចបង្កើនផលិតផលរបស់ពួកគេឱ្យបានកាន់តែច្រើនតាមតម្រូវការ។ ចំពោះម៉ូដែលថ្មីទាំង ២ នេះ មានបំពាក់ App ទូរស័ព្ទមួយនឹងត្រូវបានដាក់បញ្ចូលទៅក្នុងបទពិសោធភាពជាម្ចាស់កម្មសិទ្ធិ ដោយផ្តល់នូវសេវាកម្មរថយន្តជាមូលដ្ឋាន ដូចជា៖ ជំនួយតាមដងផ្លូវ និងការកំណត់ពេលថែរក្សា (ក៏ដូចជាលក្ខណៈពិសេសផ្សេងទៀតជាច្រើន)។ លោកអ្នកក៏អាចទិញរថយន្តអគ្គិសនីទាំង ២ម៉ូដែល តាមរយៈ App នេះដូចគ្នា ដែលវាក៏ស្រដៀងគ្នាជាមួយ Tesla ផងដែរ។
ES8 SUV ដែលជាប្រភេទរថយន្តទំនើបបំផុតរបស់ NIO គឺជាប្រភេទរថយន្តប៉ុង២ (all-wheel drive) និងប្រើប្រាស់ដោយ ម៉ូទ័រកម្លាំង 240 kW ចំនួន 2 និងមានអាគុយដែលអាចផ្លាស់ប្តូរកម្លាំង 70 kW និង 80 kW ជាពិសេសវាមានល្បឿនសន្ទុះពី 0-100 គីឡូម៉ែត្រ ដោយប្រើរយៈពេល 4.4វិនាទី ប៉ុណ្ណោះ។ ចំណែក ES6 ថ្មីវិញគឺវាមានម៉ូទ័រ 2 ដូចគ្នា គឺ 160 kW (ខ្សោយជាងបន្តិច) និង 240 kW វាក៏មានអាគុយដែលអាចផ្លាស់ប្តូរកម្លាំង 70 kW និង 80 kW ដូចគ្នា ជាមួយនឹងល្បឿនសន្ទុះពី 0-100 គីឡូម៉ែត្រ ដោយប្រើរយៈពេល 4.7វិនាទី។ តាមការបញ្ជាក់ពី NIO បានឲ្យដឹងថា រថយន្ត NIO ES6 មានថាមពលអាគុយអាចរត់បានរហូតដល់រយៈចម្ងាយជាង៥០០គីឡូម៉ែត្រឯណោះសម្រាប់ការសាកអាគុយមួយពេញ។រថយន្តទាំង ២ នេះមានតម្លៃប្រហែល 60,000ដុល្លារអាមេរិកនៅទីផ្សារប្រទេសចិន៕

អត្ថបទ៖ លីដា
ប្រភព៖ teslarati
- Share This Post:



















