រថយន្ត

Toyota Raize ចំនួន 191 គ្រឿង នៅវៀតណាម ត្រូវហៅត្រឡប់មកវិញ ក្រោយពីបានរកឃើញបញ្ហាបច្ចេកទេស តំណភ្ជាប់បូមខាងមុខ

BY
autoadmin
May 5, 2022

ក្រុមហ៊ុន​តូយ៉ូតា​វៀតណាម (Toyota Motor Việt Nam) កំពុងចាប់ផ្តើមប្រមូលរថយន្តម៉ាក Raize ចំនួន ១៩១ គ្រឿង ត្រឡប់មកវិញ ដើម្បីធ្វើការជួសជុលផ្នែកភ្ជាប់ទៅបូមទប់ខាងមុខ (Shock Absorber) ដែលបានចាប់ផ្តើមពីថ្ងៃពុធ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥។ យោងតាមការិយាល័យ​ចុះបញ្ជីរបស់វៀតណាមបានឱ្យដឹងថា រថយន្តដែលត្រូវប្រកាសឱ្យមានការប្រមូលមកត្រួតពិនិត្យ គឺជារថយន្តដែលផលិតនៅកំឡុងថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី០៨ ខែតុលា ក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំមុន។

ក្នុង​ករណី​ដែល​អតិថិជន​ចង់​ពិនិត្យ​មើល​ថា ​តើ​រថយន្ត​របស់​ពួកគេ​ស្ថិត​ក្នុង​បញ្ជី​នៃ​កម្មវិធី​នេះ ​ឬ​អត់​នោះ​ ពួកគេ​អាច​ទាក់ទង​ទៅ​ក្រុមហ៊ុន​តូយ៉ូតា​វៀតណាម​ ​និង​ក្រុមហ៊ុន​ចែកចាយ​តូយ៉ូតាទូទាំងប្រទេស​ ដើម្បី​ទទួល​បាន​ជំនួយការបន្ថែមទៀត។ សម្រាប់ព័ត៌មានបន្ថែម អតិថិជនអាចទាក់ទងដោយផ្ទាល់ ទៅកាន់អ្នកចែកចាយតូយ៉ូតាដែលនៅជិតបំផុត ឬលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រុមហ៊ុនតូយ៉ូតាតាមតំបន់។ ការត្រួតពិនិត្យ និងជួសជុលរថយន្តក្នុង ១ គ្រឿង អាចចំណាយពេលចាប់ពី ៧.៦ ម៉ោង ដល់ ២៤.១ ម៉ោង ហើយមិនគិតថ្លៃសេវានោះទេ។

រថយន្ត Toyota Raize ត្រូវបានដាក់លក់លើទីផ្សារដោយ Toyota Vietnam កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំមុន ជាមួយនឹងតម្លៃលក់ចាប់ពី ៥២៧ លានដុង ឬ ២៣,០០០ ដុល្លារ រហូតដល់ ៥៣៥ លានដុង ឬ ២៣,៣០០ ដុល្លារ ។ របាយការណ៍របស់សមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA) បានបង្ហាញថា រថយន្ត Toyota Raize ចំនួន ៦៨៨ គ្រឿង ត្រូវបានលក់ក្នុងខែមីនា ដែលនាំឱ្យការលក់សរុបក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ មានដល់ ១,៦៧១ គ្រឿង៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam News

Share This Post: