រថយន្ត

ក្រុមហ៊ុន Lexus បង្ហាញរូបរាង RZ 450e ស៊េរីឆ្នាំ 2023 ដែលជារថយន្ដអគ្គិសនីដំបូងបំផុតរបស់ខ្លួន អាចជិះបានចម្ងាយ 362គីឡូម៉ែត្រ រាល់ពេលសាកអាគុយពេញម្ដង

BY
autoadmin
April 21, 2022

ក្រុមហ៊ុន Lexus បានបញ្ចេញរូបភាពមួយចំនួនរបស់រថយន្ត SUV អគ្គិសនីសុទ្ធ RZ 450e ស៊េរីថ្មីឆ្នាំ2023 កាលពីម្សិលមិញនេះ ដែលជារថយន្តអាចរត់បានចម្ងាយប្រមាណ 225 ម៉ាយ (362គីឡូម៉ែត្រ) ជាមួយនឹងថាមពលអាគុយ 71.4kWh។ វាគឺជារថយន្តអគ្គិសនីដំបូងគេ (EV) របស់ Lexus ហើយមានមកជាមួយនឹងប្រព័ន្ធ Direct4 ដែលជាប្រព័ន្ធប៉ុង2 (all-wheel-drive) គ្រប់គ្រងខ្នាតរង្វាស់ទម្ងន់ ដែលចែកទៅកាន់កង់ទាំង4 របស់រថយន្ត, ធ្វើឱ្យរថយន្តងាយស្រួលក្នុងការបញ្ឆេះ ការគ្រប់គ្រងកាន់ និងស៊ីថាមពលតិច។

ផ្នែកខាងក្នុងរបស់រថយន្តមានភាពរលោងស្អាត ជាមួយនឹងអេក្រង់ចុចទំហំ 14 អ៊ីញ និងដំបូលបែប Panoramic Sunroof ដែលលាតសន្ធឹងពីកៅអីខាងមុខទៅខាងក្រោយ ខណៈនឹមដៃចង្កូតរបស់ RZ 450e គឺអាចជ្រើសរើសបាន (optional)។ Lexus នៅតែមិនទាន់បង្ហាញព័ត៌មានតម្លៃសម្រាប់ RZ នោះទេ ប៉ុន្តែរថយន្តប្រណិតមួយនេះ ទំនងនឹងមានតម្លៃថ្លៃជាងរថយន្ត SUV អគ្គិសនី BZ4X របស់ Toyota បន្តិច (42,000ដុល្លារ)។ ម៉ូដែល BZ4X មូលដ្ឋាន បានភ្ជាប់មកជាមួយនឹងចម្ងាយប៉ាន់ស្មាន 252 ម៉ាយ បូករួមនឹងអាគុយ 71.4kWh ហើយត្រូវបានបង្កើតឡើងនៅលើ platform របស់ e-TNGA ដូចគ្នាទៅនឹង RZ ដែរ។

រថយន្តនេះមើលទៅស្អាតប្រណិត ប៉ុន្តែបើប្រៀបធៀបទៅនឹងរថយន្ត SUV អគ្គិសនីផ្សេងទៀត រថយន្ត RZ មានចម្ងាយខ្លីបន្តិច ខណៈដែល BMW iX M60 ឆ្នាំ2022 អាចជិះបានចម្ងាយ 280 ម៉ាយ, Tesla Model X ឆ្នាំ2022 អាចជិះបានចម្ងាយប្រហែល 333 ម៉ាយ រាល់ពេលសាកអាគុយមួយពេញ។ ប៉ុន្តែ RZ ជិះបានឆ្ងាយជាង Volvo XC40 ស៊េរីឆ្នាំ2022 ដែលមានតម្លៃ 51,700 ដុល្លារ ពោលគឺ XC40 ជិះបាន 223 ម៉ាយ ពេលសាកម្តង៕

អត្ថបទ៖ លីដា
ប្រភព៖ The Verge

Share This Post: