រថយន្ត

ក្រុមហ៊ុន Honda នឹងចាប់ផ្ដើមផលិតរថយន្ត CR-V ដើរដោយអ៉ីដ្រូសែននៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៤

BY
autoadmin
December 1, 2022

ក្រុមហ៊ុន Honda បានបង្ហើបថា ខ្លួននឹងចាប់ផ្តើមផលិតរថយន្តកោសិកាឥន្ធនៈនៅសហរដ្ឋអាមេរិក នៅឆ្នាំ ២០២៤ ខណៈដែលក្រុមហ៊ុនផលិតរថយន្តមួយនេះកំពុងជំរុញយ៉ាងខ្លាំងលើការផលិតរថយន្តកោសិកាឥន្ធនៈ។ ម៉ូដែលទី១ នឹងជាប្រភេទកូនកាត់ Plug-in Hybrid ដែលផ្អែកលើរថយន្ត CR-V ជំនាន់បច្ចុប្បន្ន (ដូចរូបភាព)។ មានន័យថា រថយន្តនឹងប្រើប្រាស់អគ្គិសនីសុទ្ធសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ ប៉ុន្តែគ្មានការបំភាយបំពុលនោះទេ សម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយពីទីក្រុងមួយទៅទីក្រុងមួយទៀត។ Honda និយាយថា ព័ត៌មានលម្អិតបន្ថែមនៃរថយន្ត CR-V ដែលដើរដោយថាមពលអ៊ីដ្រូសែននឹងត្រូវបានបង្ហាញនៅពេលណាមួយ ដែលកៀកទៅនឹងថ្ងៃចេញលក់ក្នុងឆ្នាំ២០២៤។

រថយន្ត CR-V ដែលកំពុងមានស្រាប់ គឺអាចប្រើបានជាកូនកាត់ធម្មតាដែលមានម៉ាស៊ីនហ្គាស ហើយគ្មានមុខងារដោតបញ្ចូល plug-in នោះឡើយ។ ម៉ូដែលថ្មីនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ Honda ក្នុងការបោះចោលរថយន្តម៉ាស៊ីនចំហេះទាំងស្រុងនៅឆ្នាំ២០៤០ ដោយប្រើការលាយបញ្ចូលគ្នារវាងអគ្គីសនី និងកោសិកាប្រេងឥន្ធនៈ។ ក្រៅពីរថយន្ត CR-V ដើរដោយអ៊ីដ្រូសែន ទីផ្សារអាមេរិកក៏អាចរំពឹងថា នឹងមានរថយន្ត Honda ប្រភេទ SUV អគ្គិសនីពេញលេញនៅឆ្នាំ២០២៤ ផងដែរ។ Honda ធ្លាប់បានលក់រថយន្ត Honda E subcompact អគ្គិសនីរួចហើយ ប៉ុន្តែមិនមែននៅក្នុងសហរដ្ឋអាមេរិកទេ ស្របពេលដែលខ្លួនមាន​បំណង​ធ្វើ​ឱ្យ​មានអព្យាក្រឹត​កាបូនត្រឹម​ឆ្នាំ​២០៥០។

រថយន្តអ៊ីដ្រូសែនមិនទទួលបានការទាក់ទាញច្រើននៅក្នុងសហរដ្ឋអាមេរិកទេ បើប្រៀបធៀបទៅនឹងប្រភេទអគ្គិសនីសុទ្ធ ដោយសារតែតម្លៃខ្ពស់ និងកង្វះស្ថានីយ៍បំពេញ។ ជាក់ស្ដែងក្រុមហ៊ុន Honda ធ្លាប់បានបោះបង់រថយន្ត Clarity ដែលមានមូលដ្ឋានលើកោសិកាប្រេងឥន្ធនៈក្នុងឆ្នាំ២០២១ ព្រោះតែរថយន្តតម្លៃប្រមាណ ៧១,២០០ ដុល្លារមួយនេះ មិនអាចមានតម្រូវក្នុងទីផ្សារគ្រប់គ្រាន់៕

អត្ថបទ៖ លីដា
ប្រភព៖ Engadget

Share This Post: