ឃើញផ្ទះគេរវល់រៀបចំមង្គលការ បន្លំចូលលួចគ្រឿងអលង្ការគេដល់ក្នុងផ្ទះ ចុងក្រោយត្រូវសមត្ថកិច្ចវាយខ្នោះ
នៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៧ និង១៥នាទីព្រឹក កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណទួលគោក រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ជាក់ស្ដែងពីបទលួច (បន្លំចូលលួចគ្រឿងអលង្ការនៅក្នុងផ្ទះមានពិធីមង្គលការ) ប្រព្រឹត្តនៅចំណុចផ្ទះរៀបពិធីមង្គលការ ផ្ទះលេខ៣៤ ផ្លូវ លេខ៣៥១ ក្រុមទី៧ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ឈឿន វាសនា ហៅ ស្នា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានទីកន្លែងកំណើត សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រុងភ្នំពេញ ។
វត្ថុតាងចាប់យកមាន៖ គ្រឿងអលង្ការ ចិញ្ចៀនមាស១វង់ទម្ងន់១ជី , ចិញ្ចៀនប្លាទីន១វង់ទម្ងន់៣ជី , ចិញ្ចៀនប្រាក់ដាំត្បូងពណ៌ស្វាយ១វង់ , ខ្សែកប្លាទីន១ខ្សែទម្ងន់២ជី , ខ្សែកប្លាទីនស១ខ្សែទម្ងន់២ជី , ក្រវឹកប្លាទីន២គូ ទម្ងន់១ជី , បណ្តោងដាំត្បូងពណ៌ស្វាយចំនួន៧ , បណ្ដោងរូបព្រះ១ សរុបតំលៃប្រហែល ២៥០០$ (ពីរពាន់ប្រាំរយដុល្លារ សហរដ្ឋអាមេរិក) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើរសុំ ដោយមានការឯកភាពពីលោក រៀល សុភិន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ហួត ចាន់រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មិតហ្វូន ស្នាក់នៅផ្ទះលេខ៣៤ ផ្លូវលេខ៣៥១ ក្រុមទី៧ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ការធ្វើតេស្តិ៍ទឹកនោមជនសង្ស័យឈ្មោះ ឈឿន វាសនា ហៅ ស្នា លទ្ធផល មានភាព វិជ្ជមាន (មានសារធាតុញៀន) ។ បច្ចុប្បន្ន៖ ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ




