លោក គីម ជុងអ៊ុន នឹងបន្តស្នាក់នៅក្នុងប្រទេសវៀតណាមរហូតដល់ចុងសប្តាហ៍នេះ ក្រោយជំនួបចរចាជាមួយលោក ត្រាំ មិនមានផ្លែផ្កា
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងបន្តស្នាក់នៅក្នុងប្រទេសវៀតណាមរហូតដល់ចុងសប្តាហ៍នេះ បន្ទាប់ពីលោកបរាជ័យក្នុងការចរចាអំពីបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើងជាមួយនឹងលោកប្រធានធិបតីអាមេរិក ដូណល់ត្រាំ ក្នុងជំនួបលើកទី ២ រួចមក។ ក្នុងការបន្តស្នាក់នៅនេះ លោក គីម ជុងអ៊ុន នឹងជួបពិភាក្សាជាមួយលោក ប្រធានាធិបតីវៀតណាម Nguyen Phu Trong និងរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមផងដែរ។ ជាងនេះទៅទៀត លោក គីម ជុងអ៊ុននឹងទៅទស្សនកិច្ចនៅក្នុងទីក្រុងហានណូយ និងចេតិយលោក Ho Chi Minh ផងដែរ។
បន្ទាប់ពីដំណើរទស្សនកិច្ចក្នុងប្រទេសវៀតណាមត្រូវបានបញ្ចប់ លោក គីម ជុងអ៊ុន នឹងចាកចេញពីប្រទេសវៀតណាមក្នុងល្ងាចថ្ងៃសៅរ៍តាមរយៈរថភ្លើង ហើយក្នុងដំណើរត្រលប់ទៅវិញនេះ មេដឹកនាំផ្តាច់ការរូបនេះ នឹងឆ្លៀតចូលជួបជាមួយលោកប្រធានាធិបតីចិន Xi Jinping ផងដែរ។ គួរម្លឹកជូនថា ជំនួបលើកទី ២ រវាងលោកប្រធានធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងជើងនៅក្នុងប្រទេសវៀតណាមបានបញ្ចប់ទៅ ដោយគ្មានការចុះកិច្ចព្រមព្រៀងអ្វីទាល់តែសោះ ព្រោះតែភាគីខាងអាមេរិកមិនយល់ស្របជាមួយនឹងសំណើរបស់លោក កូរ៉េខាងជើង៕

អត្ថបទ៖ ភក្តី
ប្រភព៖ foxnews