រន្ធត់ណាស់! ភ្ញៀវទេសចរណ៍បរទេសមកដើរលេងស្រុកខ្មែរ បែរត្រូវជនស្រវឹងបើករថយន្តដូចហោះបុកស្លាប់ភ្លាមៗ
រាជធានីភ្នំពេញ៖ នៅវេលាម៉ោង02 និង 30នាទីរំលងអាធ្រាត ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវ ព្រះស៊ីសុវត្ថិ កែង216 មុខព្រះបរមរាជវាំង សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ រវាងរថយន្តឡិចស៊ីស RX330 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AX-5853 បុកជាមួយរុឺម៉កកង់បី បណ្តាលឲ្យស្លាប់ 3នាក់យ៉ាងរន្ធត់។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តបង្កខាងលើ បើកបរដោយបុរសម្នាក់ក្នុងសភាពស្រវឹងស្រាយ៉ាងជោកជាំបើកបោះពួយក្នុងល្បឿនយ៉ាងលឿនតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុរថយន្តក៏បានរេចង្កូតទៅឆ្វេងដៃ ហើយបុករ៉ឺម៉កកងបី ដែលកំពុងដឹកភ្ញៀវទេសចរណ៍២នាក់ដើរលេងកំសាន្តពេលរាត្រី មានទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្តាលឲ្យភ្ញៀវទេសចរណ៍ស្លាប់ភ្លាមៗតែម្តង ឯអ្នកបើករ៉ឺម៉កកង់បីបានស្លាប់ពេលបញ្ចូលទៅមន្ទីរពេទ្យ។
ក្រោយកើតហេតុជនបង្កត្រូវបានឃាត់ខ្លួនប្រគល់អោយចរាចរណ៍ក្រុង ។ ករណីនេះបានប្រគល់អោយចរាចរណ៍ក្រុង វាស់វែងយកមករក្សាទុកនៅនគរបាលចរាចរណ៍ក្រុង ដើម្បីដោះស្រាយ៕

អត្ថបទ៖ សេម
រូបភាព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ




