អ្នកកើតជំងឺអេដស៍ម្នាក់ទៀតហើយ ត្រូវបានអ្នកវិទ្យាសាស្រ្តអះអាងថា បានព្យាបាលឲ្យជាសះស្បើយវិញ
យោងតាមរបាយការណ៍សុខភាពមួយ ដែលបានធ្វើការចុះផ្សាយនៅក្នុងសារព័ត៌មានអេឡិចត្រូនិច NYTIMES បានឲ្យដឹងថា កាលពីពេលថ្មីៗមានអ្នកជំងឺអេដស៍ម្នាក់ត្រូវបានគេព្យាបាលឲ្យជាសះស្បើយវិញ ហើយគាត់បានក្លាយជាអ្នកផ្ទុកមេរោគអេដស៍ទី ២ នៅលើពិភពលោក ដែលទទួលបានការព្យាបាលជាពិសេសនេះ។ គេនៅចាំបានថាកាលពី ១២ ឆ្នាំមុន មានអ្នកជំងឺអេដស៍ជនជាតិអង់គ្លេសម្នាក់ក៏ត្រូវបានគេរាយការណ៍ថា ទទួលបានការព្យាបាលឲ្យជាសះស្បើយពីជំងឺអេដស៍ដូចនេះដែរ។ ថ្មីៗនេះករណីកម្រនេះបានកើតឡើងម្តងទៀតចំពោះអ្នកជំងឺអេដស៏ជនជាតិអាឡឺម៉ង់ម្នាក់ ដែលមានឈ្មោះថា Timothy Ray Brown អាយុ ៥២ ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងទីក្រុង Palm Springs រដ្ឋ California សហរដ្ឋអាមេរិក។
តាមរបាយការណ៍សុខភាពដដែលនេះបានបញ្ជាក់ថាលោក Timothy Ray Brown បានផ្ទុកមេរោគអេដស៍ជាច្រើនឆ្នាំមកហើយ ហើយគាត់ស្ទើរស្លាប់ទៀតផងមុនទទួលបានការព្យាបាលឲ្យជាសះស្បើយដូចនេះ។ តាមក្រុមអ្នកវិទ្យាសាស្ត្រ ដែលទទួលបន្ទុកសិក្សាស្រាវជ្រាវ និងព្យាបាលលោក Timothy Ray Brown បានអះអាងថា គេអាចព្យាបាលលោក Timothy Ray Brown បានគឺដោយសារតែនៅក្នុងរាងកាយរបស់លោកមានប្រព័ន្ធការពាររាងកាយពិសេសមួយខុសពីមនុស្សទូទៅហើយលក្ខណៈពិសេសនោះបូកផ្សំជាមួយនឹងថ្នាំ ដែលអ្នកវិទ្យាសាស្រ្តបង្កើតឡើងទើបគេអាចព្យាបាលគាត់បាន។
ក្រុមអ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា រហូតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញថ្នាំព្យាបាល ជំងឺអេដស៍សម្រាប់ព្យាបាលមនុស្សទូទៅនៅឡើយទេ តែគេអាចត្រឹមតែរកឃើញថ្នាំសម្រាប់ប្រឆាំងនឹងមេរោគនៃជំងឺមួយនេះ ឬអ្នកខ្លះហៅថា ថ្នាំពន្យាជីវិត ដែលអាចជួយឲ្យអ្នកផ្ទុកមេរោគអេដស៍អាចបន្តរស់បាន ក្នុងករណីពួកគេលេបថ្នាំនោះជាប្រចាំ។ ចំពោះករណីរបស់បុរសខាងលើនេះ គឺជាករណីកម្រដោយក្នុងរាងកាយរបស់គាត់មានលក្ខណៈពិសេសស្រាប់ ហើយមនុស្សមានលក្ខណៈពិសេសដូចនេះ គេទើបជួបប្រទះតែពីរករណីប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ nytimes