លោក Donald Trump កំពុងតែស្វែងរកថវិការាប់ពាន់លានដុល្លារ សម្រាប់គម្រោងសាងសង់ជញ្ជាំងព្រំប្រទល់អាមេរិក-មិចស៊ីកូ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក Donald Trump កំពុងតែស្វែងរកថវិការចំនួន ៨,៦ ពាន់លានដុល្លារបន្ថែមទៀត សម្រាប់គម្រោងសាងសង់ជញ្ជាំងព្រំប្រទល់រវាងប្រទេសអាមេរិក និងមិចស៊ីកូ ដែលចំនួនថវិកាខាងលើនេះត្រូវបានគេមើលថា មានទំហំច្រើនជាងគម្រោងចំណាយកាលពីឆ្នាំមុនចំនួន ៥,៧ ពាន់លានដុល្លារឯណោះ។ បើតាមសារព័ត៌មានអេឡិចត្រូនិច TIMESOFINDIA បានចុះផ្សាយថា រហូតមកទល់នឹងពេលនេះ សំណើនៃការសុំថវិការបស់លោក Donald Trump ត្រូវបានគេបញ្ជូនទៅដល់សភាអាមេរិកហើយ ហើយគេរង់ចាំតែសេចក្តីសម្រេចប៉ុណ្ណោះ។
បើយោងតាមលោក Larry Kudlow ដែលជាទីប្រឹក្សាសេតវិមានអាមេរិកបានប្រាប់អ្នកសារព័ត៌មានថា កាលពីឆ្នាំមុនដំណើរការនៃការប្រជុំសម្រេចកញ្ចប់ថវិកានេះ ត្រូវការពេលវេលារហូតដល់ ៣៥ ថ្ងៃ ហើយលោកបន្តថា លើកនេះក៏ប្រហែលជាត្រូវការពេលវេលាប្រហែលនឹងឆ្នាំចាស់ដែរ។ ទីប្រឹក្សាសេដ្ឋកិច្ចរូបនេះបានបង្ហាញជំហរយ៉ាងមុតមាំថា សភាអាមេរិកនឹងសម្រេចអនុម័តកញ្ចប់ថវិកាខាងលើនេះគ្រប់តាមសំណើផងដែរ។ សូមបញ្ជាក់ថា ជញ្ជាំងព្រំប្រទល់រវាងប្រទេសអាមេរិក និងមិចស៊ីកូត្រូវបានសាងសង់ឡើងក្នុងគោលបំណងការពារជនភៀសខ្លួនដោយខុសច្បាប់ ហើយវាត្រូវការលុយរាប់ពាន់លានដុល្លារឯនោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ timesofindia