រថយន្ត

Tesla បង្ហាញរថយន្តស៊េរីថ្មី Model Y ដែលមានតម្លៃថោកជាងម៉ូដែលមុន ហើយសាកភ្លើងម្តង ជិះបានរាប់រយគីឡូម៉ែត្រឯណោះ

BY
autoadmin
March 16, 2019

រថយន្ត Tesla Model Y ទើបតែត្រូវបានដាក់បង្ហាញជាលើកដំបូង នៅក្នុងពិធីសម្ពោធពិសេសមួយនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។ រថយន្តប្រភេទនេះក៏នឹងចូលរួមជាមួយនឹង៖ ម៉ូដែល 3, ម៉ូដែល S, និងម៉ូឌែល X ដែលជាម៉ូដែលពេញនិយមនៃអតិថិជនរបស់ Tesla ព្រមទាំងរថយន្ត Tesla Roadster និង Tesla Semi ជំនាន់ទី 2។ ម៉ូដែល Y នេះ Tesla នឹងផ្តល់មកជាមួយនឹងជម្រើសរូបសណ្ឋាន 4ប្រភេទ ដោយម៉ូឌែលធម្មតា (Range Standard Model) ត្រូវបានគេរំពឹងថា នឹងមកដល់នៅនិទាឃរដូវ ឆ្នាំ2021 ហើយវានឹងមានតម្លៃថោកជាងគេ ដោយមានតម្លៃចាប់ពី $39,000 អាមេរិក។

យ៉ាងណាក៏ដោយមុនពេលម៉ូដែលធម្មតានេះមកដល់ អតិថិជននឹងមានជម្រើស 3ប្រភេទ ផ្សេងទៀត ដែលវានឹងមកដល់ក្នុងសរទរដូវ ឆ្នាំ2020។ ចំណែកម៉ូដែលថោកបំផុតក្នុងចំណោម 3 នេះគឺមានឈ្មោះថា Tesla ម៉ូដែល Y Long Range ដែលវាផ្តោតសំខាន់ទៅលើការប្រើប្រាស់ថាមពល។ Long Range អាចឱ្យលោកអ្នកធ្វើដំណើរបានរហូតដល់ 300ម៉ាយ (482គីឡូម៉ែត្រ) រាល់ពេលសាកភ្លើងម្តង។ វាមានសន្ទុះពី 0-96គីឡូម៉ែត្រ ត្រឹមរយៈពេល 5.5វិនាទី មានល្បឿន 209គីឡូម៉ែត្រ/ម៉ោង និងមានតម្លៃចាប់ពី $47,000 អាមេរិក។

បន្ទាប់មកគឺ Tesla ម៉ូដែល Y Dual Motor AWD ដែលជាម៉ូដែលស៊ីភ្លើងបន្តិច ដោយវាស៊ីភ្លើងជាងម៉ូដែល Long Range 20ម៉ាយ (32គីឡូម៉ែត្រ)។ ប៉ុន្តែវាមានល្បឿន 217គីឡូម៉ែត្រ/ម៉ោង លឿនជាង Long Range និងមានសន្ទុះពី 0-96គីឡូម៉ែត្រ ក្នុងរយៈពេល 4.8វិនាទី ប៉ុណ្ណោះ ហើយតម្លៃគឺចាប់ពី $51,000 អាមេរិក។ ចុងក្រោយគឺ Tesla ម៉ូដែល Y Performance ដែលមានម៉ូទ័រអេឡិចត្រិចថាមពលចំនួន 2 ធ្វើឱ្យ Y Performance អាចធ្វើដំណើរបាន 450គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។ វាមានល្បឿន 241គីឡូម៉ែត្រ/ម៉ោង ខ្លាំងជាងគេ ហើយមានសន្ទុះពី 0-96គីឡូម៉ែត្រ ក្នុងរយៈពេលតែ 3.5វិនាទី ប៉ុណ្ណោះ ជាមួយនឹងតម្លៃចាប់ពី $60,000 អាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ carscoops

Share This Post: