មហាសេដ្ឋីដែលមានជាងគេនៅចក្រភពអង់គ្លេស Jim Ratcliffe កំពុងពិចារណាក្នុងការទិញក្លឹបតោខៀវ Chelsea ក្នុងតម្លៃ ៤.៧ពាន់លានដុល្លារសហរដ្ឋអាមេរិច
- March 20, 2019
លោក Jim Ratcliffe នៅតែមានចំនាប់អារម្មណ៍ក្នុងការទិញក្លឹបយក្សនៅអង់គ្លេស Chelsea ប៉ុន្តែកំពុងទាក់គាំងនៅពេលដែល លោកម្ចាស់ក្លឹបតោខៀវដាក់លក់ក្នុងតំលៃ ៤.៧ពាន់លានដុល្លារសហរដ្ឋអាមេរិច។ តាមពិតទៅលោកបានទាក់ទងជាមួយនឹងការចង់បានក្លឹបនេះតាំងពីឆ្នាំមុនមកម្ល៉េះ ហើយលោកគឺជាមហាសេដ្ឋីប្រេង ដែលមានទ្រព្យសម្បត្តិមហាសាលចំនួន ៣៩ពាន់លានដុល្លារសហរដ្ឋអាមេរិច ខណៈដែលគាត់ចង់វិនិយោគជាមួយក្លឹបបាលទាត់មួយនេះ។ មិនតែប៉ុណ្ណោះលោក Ratcliffe បានត្រៀមខ្លួនរួចរាល់ក្នុងការចំណាយប្រហែល ៦៥.៥លានដុល្លារសហរដ្ឋអាមេរិចលើការចំណាយប្រចាំឆ្នាំរបស់ក្លឹប។ ហើយការសម្រេចចិត្តទិញក្លឹប Chelseaនេះ និងប្តូរឈ្មោះប្រេនតាមក្រុមហ៊ុនរបស់លោក Ratcliffe នេះបើយោងទៅតាមកាសែត The Times។ ទោះបីជាយ៉ាងណាក៏ដោយលុយកាក់មិនមែនជាបញ្ហាសំរាប់សេដ្ឋីប្រាក់លានដែលមានអាយុ ៦៦ឆ្នាំនេះឡើយ ប៉ុន្តែលោក Ratcliffe មិនទាន់បានរៀបចំរួចរាល់ក្នុងការចំនាយទៅលើអ្វីដែលលោក Abramovich ចង់បាន។
យ៉ាងណាក្តី ក្លឹបតោខៀវ Chelsea បាននិយាយជាផ្លូវការថា ក្លឹបមិនមែនសំរាប់លក់នោះទេ ប៉ុន្តែមហាសេដ្ឋីជនជាតិរុស្សីហាក់ដូចជាមិនសូវរវីរវល់ជាមួយក្លឹបក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយមិនសូវបានទៅចូលរួមទស្សនាការប្រកួតរបស់ក្រុមប៉ុន្មានទេនៅក្នុងរដូវកាលនេះ ខណៈដែលគាត់កំពុងតែមានបញ្ហាជាមួយទិដ្ឋាការដោយសារបញ្ហាកាទូតរវាងទីក្រុងឡុង និងក្រុងមូស្គូ។ ហើយនៅពេលនេះ លោកម្ចាស់ក្លឹបតោខៀវ Chelsea កំពុងរស់នៅប្រទេសអុីស្រាអែល និងកំពុងមានគំរោងចំនាយរហូតដល់ ១.៨ពាន់លានដុល្លារដើម្បីរៀបចំ Stamford Bridge ឡើងវិញ។ ដោយសារតែការចង់បានពហុកីឡាដ្ឋានដែលទំនើប បូកជាមួយនិងភាពសាំញុំ និងការចំណាយទៅលើការជួសជុលឡើងវិញដែលកំពុងតែធ្វើ បានធ្វើអោយលោក Ratcliffe ស្ទាក់ស្ទើរ និងមិនចង់ជួបនូវបញ្ហាទាំងអស់នេះ។ យ៉ាងណាក៏ដោយ ការចរចារក្នុងការទិញយកក្លឹបយក្ស Chelsea នេះមិនទាន់បានសម្រេចនៅឡើយទេ។ លោក Ratcliffe គឺបានកើតនៅក្នុងទីក្រុង Manchester និងធំដឹងក្តីជាអ្នកគាំទ្រក្រុមបិសាចក្រហម Manchester United ហើយរូបគាត់ក៏ជាអ្នកវិនិយោគលើក្រុមកីឡាផងដែរ។ កាលពីឆ្នាំមុនគាត់បានចំនាយ ២០៦លានដុល្លារលើក្រុម Ineos និងបានទិញក្លឹប FC Lausanne-Sport នៅប្រទេសស្វីសកាលពីខែវិច្ឆិកាឆ្នាំ ២០១៧ផងដែរ៕
អត្ថបទ៖សុគុណា
ប្រភព៖ Foxsports
- Share This Post:










