ថៃហាមឃាត់មិនឲ្យលេងកាំភ្លើងបាញ់ទឹក និងសេពគ្រឿងស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ
ថៃ៖ ប៉ូលិសថៃបានចេញសេចក្តីប្រកាសមួយ ដើម្បីធ្វើការហាមឃាត់មិនឲ្យមានការលេងកាំភ្លើងបាញ់ទឹក ទឹកកខ្វក់ និងសេពគ្រឿងស្រវឹងនោះទេ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ដែលនឹងប្រារព្ធធ្វើឡើងនៅពាក់កណ្តាលខែមេសានេះ។ បើយោងតាមលោក ឧត្តមសេនីយ៍ Chalermkiart Srivorakhan បានឲ្យដឹងថា ការហាមឃាត់ខាងលើនេះត្រូវគេធ្វើឡើងក្នុងគោលបំណងចង់បង្កើនទំនុកចិត្តឲ្យប្រជាពលរដ្ឋថៃចូលរួមអបអរពិធីសង្ក្រានថៃឲ្យបានច្រើន ដ្បិតកន្លងមកគេបានរកឃើញថាមានប្រជាជនថៃមួយចំនួនមិនចូលរួមដើរលេងកំសាន្តដោយរីករាយក្នុងឱកាសនេះទេ ព្រោះពួកគេមិនចូលចិត្តសកម្មភាពដូចដែលគេបានហាមឃាត់នោះ។
នៅក្នុងឆ្នាំនេះផងដែរអាជ្ញាធរថៃគ្រោងនឹងកាត់បន្ថយគ្រោះថ្នាក់លើដងផ្លូវ ដែលបង្កឡើងដោយការជះទឹកឲ្យសល់ត្រឹម ១០% និងកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍បង្កឡើងដោយកត្តាផ្សេងៗជាពិសេសគ្រឿងស្រវឹងមកសល់ត្រឹម ៥% ប៉ុណ្ណោះ។ យ៉ាងណាក្តី សម្រាប់អ្នកដែលអង្គុយនៅផ្នែកខាងក្រោយនៃរថយន្ត Pickup គេអាចលេងជះទឹកជាមួយពួកគេបាន ព្រោះវាមិនបង្កគ្រោះថ្នាក់ដល់ពួកគេនោះទេ ហើយការហាមឃាត់ការលេងជះទឹកនោះគឺសំដៅទៅលើក្រុមអ្នកជិះម៉ូតូ ដែលប្រឈមនឹងគ្រោះថ្នាក់ខ្ពស់។
សូមបញ្ជាក់ថា តាមការប៉ាន់ប្រមាណរបស់អាជ្ញាធរថៃបានឲ្យដឹងថា នឹងមានមនុស្សប្រមាណជា ១៥,៤ លាននាក់ ចេញមកដើរលេងកំសាន្តក្នុងពីធីបុណ្យជាតិដ៏ធំបំផុតរបស់ថៃមួយនេះ ហើយតាមផ្លូវសំខាន់ៗក្នុងក្រុងបាងកកអាចនឹងមានអ្នកដើរកំសាន្តប្រមាណជា ៥,០០០ នាក់ ហើយខាងប៉ូលិសថៃបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារសន្តិសុខឲ្យ បានខ្ពស់តាមតែអាចធ្វើទៅបានក្នុងពិធីបុណ្យដ៏សំខាន់មួយនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost