នេះហើយមិត្តភាពពិត! ក្មេងប្រុសម្នាក់នេះខំអៀវមិត្តភក្តិជាជនពិការ អស់រយៈពេល៦ឆ្នាំហើយ ដើម្បីបានទៅរៀនជាមួយគ្នា
ចិន៖ ក្មេងប្រុសជនជាតិចិនម្នាក់ត្រូវបានមហាជនទូទាំងពិភពលោកកោតសរសើរចំពោះទឹកចិត្ត និងការលះបង់របស់គេជាខ្លាំង បន្ទាប់ពីរូបគេបានអៀវមិត្ត ជាជនពិការម្នាក់ទៅរៀនជាមួយគ្នារៀងរាល់ថ្ងៃ ហើយបើគិតមកទល់ពេលនេះគឺមានរយៈពេល ៦ ឆ្នាំហើយ។ ក្មេងប្រុសដែលគួរឲ្យគោរពរូបនេះមានឈ្មោះថា Xu Bingyang អាយុ ១២ ឆ្នាំ ហើយមិត្តដែលមានពិការភាពរបស់គេមានឈ្មោះថា Zhang Ze ។ កាលនៅអាយុ ៤ ឆ្នាំ Zhang Ze បានកើតមានជំងឺខ្សោយសាច់ដុំជើង ហើយយូរៗជំងឺរបស់គេក៏កាន់តែធ្ងន់ធ្ងរឡើងៗ និងត្រូវពិការជើងដើរលេងរួចតែម្តង។ ទោះជាគេមិនអាចដើរបានមែន តែរូបគេនៅតែស្រាលាញ់ការសិក្សានិងចង់រៀន ដូចក្មេងដទៃដែរ។

ដើម្បីបំពេញបំណងនៃការចង់សិក្សារបស់គេទើបកុមារ Xu Bingyang បានជួយបីគេមករៀនរៀងរាល់ថ្ងៃ ហើយពេលទៅញ៉ាំអី ទៅបន្ទប់ទឹក ឬត្រូវប្តូរបន្ទប់រៀនក៏ Xu Bingyang ជួយបីគេរហូតដែរ។ នៅពេលដែលគេសួរទៅកាន់កុមារ Xu Bingyang ថា តើឯងធុញទ្រាន់ ឬមានការលំបាកអីខ្លះទេ ដែលត្រូវបីមិត្តម្នាក់រាល់ថ្ងៃដូចនេះ Xu Bingyang បានឆ្លើយវិញថា គេពេញចិត្តនឹងជួយមិត្តគេខ្លាំងណាស់ ហើយរូបគេមិនដែលធុញទ្រាន់ ឬជួបការលំបាក់អ្វីនោះទេ។ Xu Bingyang បានបន្តថា មិត្តរបស់គេស្រាល ដូចនេះមិនពិបាកបីនោះទេ។ ឥរិយាបថនេះត្រូវបានគេកោតសរសើរគ្រប់ៗគ្នា និងជាសកម្មភាពដ៏គួរឲ្យគោរពជាទីបំផុត៕
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz




