ក្លឹបអធិរាជស Real Madrid ចង់ចុះកុងត្រាជាមួយ Hazard មុនការបញ្ចប់រដូវកាលមកដល់
- April 8, 2019
មានរឿងជាច្រើនទាក់ទងនឹងព័ត៌មានក្នុងការដោះដូរកីឡាករនៅរដូវកាលក្តៅនេះ ខណៈដែលរដូវកាល ២០១៨-២០១៩ជិតត្រូវបានបញ្ចប់។ ជាមួយគ្នានេះដែរ ក្លឹបយក្សនៅអេស្ប៉ាញ Real Madrid ត្រូវការធនធានជាច្រើនដើម្បីយកមកពង្រឹងក្លឹបឡើងវិញ ខណៈដែរក្លឹបមានការធ្លាក់យ៉ាងខ្លាំងបន្ទាប់ពីកីឡាករម្ចាស់ពាន Ballon d’Or ៥សម័យកាល Christiano Ronaldo និងអ្នកចាត់ការទូទៅ Zidaneចាកចេញកាលពីដើមរដូវកាលនេះ។ ប៉ុន្តែនាពេលថ្មីៗនេះ លោក Perez បានអូសទាញអោយលោក Zidane មកបន្តការងារជាថ្មី ដោយឋិតនៅក្រោមលក្ខខ័ណ្ឌពិសេស ហើយពេលនេះលោក Zidane មានសិទ្ធសម្រេចរាល់ការទិញដោះដូរកីឡាករទាំងអស់នៅក្នុងក្លឹប ដើម្បីយកមកផ្លាស់ប្តូរស្ថានភាពដែលក្លឹបបានជួបនាពេលកន្លងនេះ បន្ទាប់ពីអស់ឱកាសលើកពានជាច្រើនមិនថានៅក្នុងលីគ ឬ Champion League នោះទេ។
ដូចនេះហើយ Real madrid កំពុងសង្ឃឹមថាអាចទទួលបានការយល់ព្រមពីតោខៀវ Chelsea ដើម្បីចុះកុងត្រាជាមួយខ្សែប្រយុទ្ធល្បឿនលឿនសញ្ជាតិប៊ែលស្សុីក Eden hazard មុនរដូវកាលបញ្ចប់ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ The Telegraph។ ហើយមិនតែប៉ុណ្ណោះ អធិរាជសកំពុងរៀបចំផ្លាស់ប្តូរកីឡាករវ័យ ២៨ឆ្នាំរូបនេះ នៅក្នុងអាទិត្យនេះតែម្តង ដោយតោខៀវ Chelsea ដាក់លក់ក្នុងតំលៃ ១៣០លានដុល្លារសហរដ្ឋអាមេរិច ប៉ុន្តែ Madrid សង្ឃឹមថាអាចទិញបានក្នុងតំលៃទាបជាងនេះគឺ ៨៥លានផោន ឬ ១១១លានដុល្លារសហរដ្ឋអាមេរិច។ សរុបមក យើងរងចាំមើលទាំងអស់គ្នាថាតើ Real Madrid អាចនាំកីឡាកររូបនេះមកចូលរួមនៅ Bernabou បានឬយ៉ាងណា៕

- Share This Post:









