បុរសម្នាក់ត្រូវកាត់ជើងចោលទាំងសងខាង ក្រោយបរិភោគឈាមជ្រូក ដែលមានមេរោគ
ថៃ៖ បុរសជនជាតិថៃម្នាក់ត្រូវបានគេរាយការណ៍ថា មានមេរោគស៊ីជើងរហូតដល់ថ្នាក់ត្រូវកាត់ជើងចោល បន្ទាប់ពីគាត់បានបរិភោគឈាមជ្រូក ដែលមានមេរោគ។ បុរសជាជនរងគ្រោះមានឈ្មោះថា Pao Nopparat Milinthanuch រស់នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ គាត់បានរម្លឹកថា ក្នុងអំឡុពេលពិធីបុណ្យចូលឆ្នាំប្រពៃណីថៃកាលពីឆ្នាំ ២០១៦ កន្លងទៅនេះ គាត់បានទៅលេងតាមខេត្តដែលជាស្រុកកំណើតរបស់គាត់ ហើយពេលនោះគាត់បានញ៉ាំឈាមជ្រូកស្ងោរជាច្រើន។ ក្រោយពេលញ៉ាំឈាមជ្រូកនោះរួចគាត់ស្រាប់តែមានបញ្ហា ចុកចាប់ និងរមាស់ពេញដៃជើង រហូតដល់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ក្រោយការពិនិត្យវេជ្ជបណ្ឌិតបានប្រាប់ថា គាត់បានឆ្លងមេរោគដ៏កម្រម្យ៉ាងពីក្នុងឈាមជ្រូកហើយមេរោគនោះត្រូវបានគេហៅថា Streptococcus suis។ ក្រោយមានមេរោគនេះ បុរសជាជនរងគ្រោះបានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ហើយមេរោគបានស៊ីដៃ ស៊ីជើងរបស់គាត់ រហូតដល់ពេទ្យត្រូវបង្ខំចិត្តកាត់ជើងរបស់គាត់ចោលទៀតផង ដើម្បីសង្គ្រោះជីវិតរបស់គាត់។សូមបញ្ជាក់ថាមេរោគ Streptococcus suis ជាប្រភេទមេរោគម្យ៉ាង ដែលអាចឆ្លងតាមការញ៉ាំអាហារដែលចម្អិនមិនបានឆ្អិនល្អ ឬការប៉ះពាល់ជាមួយមេរោគនោះក្នុងករណីដែលដៃ ឬខ្លួនប្រាណមនុស្សមានរបួស ឬមុត ហើយមេរោគនេះនឹងស៊ីកោសិការនៅក្នុងខ្លួនមនុស្សបន្តិចម្តងៗ។

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz

