អត់ដឹងថាកូនស្រីកំពុងដេកក្នុងឡាន ឪពុកចតឡានចោលហើយប្រញាប់ទៅធ្វើការ ចុងក្រោយបានត្រឹមសោកស្តាយ ព្រោះកូនថប់ដង្ហើមស្លាប់បាត់ទៅហើយ
ចិន៖ ក្មេងស្រីតូចអាយុ ៤ ឆ្នាំម្នាក់ បានថប់ដង្ហើមស្លាប់ បន្ទាប់ពីឪពុករបស់នាងបានទុកនាងចោលនៅក្នុងរថយន្តអស់រយៈពេល ៩ ម៉ោង។ ក្មេងស្រីរងគ្រោះមានឈ្មោះថា Qi Qi ហើយឪពុករបស់នាងមានឈ្មោះថា Hu រស់នៅក្នុងនៅក្រុង Yiyang ប្រទេសចិន។ ជាធម្មតាបុរសជាឪពុកបានបើករថយន្តជូនកូនទៅរៀននៅសាលាមត្តេយ្យមួយកន្លែងជារៀងរាល់ព្រឹកដោយកូនស្រីតែងអង្គុយនៅកៅអីខាងក្រោយ។ នៅក្នុងថ្ងៃកើតហេតុបុរសជាឪពុកបានបើករថយន្តជូនកូនទៅសាលាជាធម្មតា តែមានរឿងគាប់ជួនមួយបានកើតឡើងគឺពេលដែលទៅដល់មុខសាសារៀនស្រាប់តែកូនស្រីបានគេងលក់មិនបានចុះពីលើរថយន្តទេ ខណៈបុរសជាឪពុកបានទទួលទូរស័ព្ទយ៉ាងបន្ទាន់មួយពីកន្លែងការងារ។

ពេលនោះបុរសជាឪពុកក៏ប្រញាប់ប្រញាល់ចតរថយន្តចោលនៅកន្លែងចតរថយន្តមួយកន្លែង និងប្រញាប់ទៅធ្វើការងារបាត់ដោយមិនបានដឹងថា កូនស្រីកំពុងតែដេកលក់នៅកៅអីខាងក្រោយនោះទេ។ រហូតដល់ពេលល្ងាចទើបបុរសជាឪពុកបានមើលឃើញកូនខ្លួននៅរថយន្ត ខណៈដែលនាងបានថប់ដង្ហើមស្លាប់បាត់ទៅហើយ។ ករណីនេះអាចនិយាយបានថា ជារឿងអកុសលមួយសម្រាប់គ្រួសារមួយនេះ ព្រោះគ្មានអ្នកចង់ឲ្យវាកើតឡើងឡើយ តែពេលនេះមានតែពាក្យថា សោកស្តាយតែប៉ុណ្ណោះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ mirror



