ពេលនេះដឹងពីអាការៈរបស់ Messi ហើយ បន្ទាប់ពីឈាមដាបលើមុខក្រោយប៉ះគ្នាជាមួយ Chris Smalling របស់ Man United
- April 12, 2019
កីឡាករឆ្នើមរបស់ក្លឹបអ្នកមានបុណ្យរបស់ Barcelona បានចាកចេញពី Old Trafford ទាំងឈាមច្រមុះ និងមុខបន្ទាប់ពីប៉ះគ្នាជាមួយខ្សែការពាររបស់បិសាចក្រហម Chris Smalling។ បើទោះបីជាយ៉ាងណាក៏ដោយ តាមសារព័ត៌មានបានអោយដឹងថាវាមិនមែនជារបួសធ្ងន់ធ្ងរនោះទេ ហើយគាត់នឹងជាសះស្បើយក្នុងរយៈពេលយ៉ាងខ្លី។ Lionel Messi បានបានប៉ះគ្នាជាមួយ Smelling ហើយបានបែកច្រមុះ និងឈាមដាបពេញមុខនៅក្នុងតង់ទីមួយនៃជើងទីមួយក្នុងពាន Champion League នៅទឹកដី Old Trafford ប៉ុន្តែទោះបីជាបែបនេះក្តី Messi បន្តលេងរហូតដល់ចប់ ៩០នាទី។
ទោះបីជាយ៉ាងណាក៏ដោយ គេគិតថាតារាបាល់ទាត់ឆ្នើមសញ្ជាតិអាស្សង់ទីនរូបនេះ អាចនឹងអាកខានការប្រកួតក្នុងលីគនៅអាទិត្យនេះពេលប៉ះជាមួយ Huesca ប៉ុន្តែ Messi អាចនិងចូលលេងវិញនៅក្នុងជើងទី២នៃវគ្គ ៨ក្រុមចុងក្រោយពាន Uefa Champion League ដែលត្រូវនឹងប៉ះបិសាចក្រហមក្នុងទឹកដីពហុកីឡាដ្ឋាន Camp Nou។ យ៉ាងណាមិញ តាមការរាយការណ៍របស់ Catalunay Radio Esports បានបញ្ជាក់ថា ប្រសិនបើគ្រូពេទ្យអាចព្យាបាលបញ្ហាច្រមុះរបស់ Messi ទាន់ពេលនោះ Messi អាចនឹងចូលលេងវិញនៅក្នុងអាទិត្យនេះពេលជួបជាមួយ Huesca។ គួរបញ្ជាក់ផងដែរថា Messi ដែលមានវ័យ ៣១ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងដ៏អស្ចារ្យនៅក្នុងរដូវកាលនេះដែលអាចជួយអោយ Barcelona អាចលើកពានបីនៅក្នុងលីគ ដោយរកបាន ៤៣គ្រាប់ Assists ២១ នៅក្នុងការប្រកួត ៤១លើកអោយក្រុម៕

អត្ថបទ៖ សុគុណា
ប្រភព៖ Fox Sports
- Share This Post:










