រថយន្ត

TOYOTA បង្ហាញវត្តមានរថយន្ត Highlander ស៊េរីឆ្នាំ ២០២០ យ៉ាងស្រស់ស្អាតនៅឯពិព័រណ៍រថយន្តក្រុងញូវយ៉កឆ្នាំ ២០១៩

BY
Khmernote Media
April 19, 2019

រថយន្ត Highlander ប្រភេទ SUV ស៊េរីថ្មី ឆ្នាំ២០២០ របស់ក្រុមហ៊ុន TOYOTA បង្ហាញវត្តមានយ៉ាងស្រស់ឆើតឆាយនៅឯពិព័រណ៍រថយន្តក្រុងញូវយ៉កឆ្នាំ ២០១៩។ Highlander ស៊េរីថ្មីនេះផងដែរ បានបង្ហាញខ្លួនជាមួយនឹងការរចនា ដែលយកលំនាំពីរថយន្ត RAV4 បូករួមជាមួយបច្ចេកវិទ្យាថ្មី និងប្រព័ន្ធកូនកាត់ដែលមានប្រសិទ្ធភាពខ្ពស់ជាងស៊េរីមុន។ ប្រភពដដែលក៏បានឱ្យដឹងថា Highlander ស៊េរីថ្មី ប្រភេទម៉ាស៊ីនសាំង នឹងមានលក់នៅខែធ្នូ ខណៈម៉ាស៊ីនកូនកាត់ Hybrid នឹងមានលក់នៅខែកុម្ភៈ ឆ្នាំ២០២០ ។

Highlander SUV ស៊េរីថ្មី ឆ្នាំ២០២០ ប្រភេទធម្មតា នៅតែប្រើប្រាស់ដោយម៉ាស៊ីន V6 ទំហំចំណុះ 3.5លីត្រ ជាមួយនឹងកម្លាំង 295 សេះ ខណៈប្រភេទ Hybrid ប្រើប្រាស់ម៉ាស៊ីន DOHC 4-ស៊ីឡាំង ទំហំចំណុះ 2.5លីត្រ ជាមួយនឹងម៉ូទ័រអេឡិចត្រិចចំនួន 2 ។ សរុបមកវិញម៉ាស៊ីន 4-ស៊ីឡាំង របស់ប្រភេទ Hybrid នឹងផ្តល់កម្លាំង 240 សេះ មកឱ្យរថយន្ត ហើយវាស៊ីប្រេង 6.9លីត្រ ក្នុងចម្ងាយ 100 គីឡូម៉ែត្រ ពោលគឺកាត់បន្ថយបាន 17ភាគរយ ពីជំនាន់មុនៗ។ យ៉ាងណាក៏ដោយថ្វីបើខាងក្រុមហ៊ុន TOYOTA មិនទាន់បានបញ្ចេញតារាងតម្លៃរបស់វា វាត្រូវបានគេរំពឹងថា នឹងមានតម្លៃចាប់ពី $31,350 ទៅ $48,830 ៕

អត្ថបទ៖ លីដា
ប្រភព៖ carscoops

Share This Post: