ចាប់បានម្នាក់ទៀតហើយ! នៅឡើយតែម្នាក់កាន់ដាវកំពុងលាក់ខ្លួននៅខេត្តកណ្តាល
ខេត្តកំពង់ឆ្នាំង៖ អធិការនគរបាលស្រុកកំពង់ត្រឡាចលោកវរសេនីយ៍ឯក នន ស៊ីណាត បានឲ្យដឹងតាម ទូរស័ព្ទនៅល្ងាចថ្ងៃទី១៨មេសានេះថា សមត្ថកិច្ចចាប់ឃាត់ខ្លួនម្នាក់ទៀតហើយកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ ខណៈជនសង្ស័យរូបនេះបានចូលពួនសម្ងំនៅក្នុងផ្ទះនៅក្នុងភូមិកើតហេតុ។ លោកវរសេនីយ៍ឯក នន ស៊ីណាត បន្តថា ជនសង្ស័យទី២មានឈ្មោះ ប្រាក់ គង់ ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច។ ដោយឡែកជនសង្ស័យដែលមាននៅក្នុងរូបភាពកាន់ដាវនេះមិនទាន់ចាប់បាននៅឡើយទេ ហើយជនសង្ស័យរូបនេះមានឈ្មោះ ផាន់ សុផា ភេទប្រុស អាយុ១៩ឆ្នាំ។
លោកអធិការដដែលបញ្ជាក់ឲ្យដឹងដែរថា ករណីទំនាស់គ្នានេះគឺជារឿងគំនុំតាំងពី១ឆ្នាំមុន ហើយក្នុងនោះ ក៏មានករណីបណ្តាលឲ្យរងរបួសម្នាក់ផងដែរមានឈ្មោះ ទី ភេទប្រុស អាយុជាង២០ឆ្នាំ មានទីលំនៅភូមិផ្សា ត្រាច ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ។ លោកអធិការក៏បានបញ្ជាក់បន្ថែមទៀតថា កាលពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៩ ម្សិលមិញនេះ នគរបាលបានចាប់ខ្លួនជនសង្ស័យម្នាក់ផងដែរមានឈ្មោះ កង សារឿន ហៅបារាំង ភេទប្រុស អាយុ២៣ឆ្នាំ។ ចំពោះជនសង្ស័យដែលមានកាន់ដាវក្នុងរូបភាពនោះ បានរត់ទៅលាក់ខ្លួននៅស្រុកមួយ ក្នុងខេត្តកណ្តាល។ ក្រុមក្មេងទំនើងទាំងនេះបានប្រើដាវសាម៉ូរ៉ៃដេញកាប់គ្នា នៅចំណុចផ្លូវចូលវត្តត្រឡែងកែងថ្ងៃចូលឆ្នាំ បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនសង្ស័យដទៃទៀត៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
