វេជ្ជបណ្ឌិតថៃ ណែនាំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការហូបធូរេន ខណៈអាកាសធាតុកំពុងក្តៅហែងបែបនេះ ព្រោះអាចបង្កគ្រោះថ្នាក់ដល់សុខភាព
ថៃ៖ សម្រាប់នៅក្នុងរដូវក្តៅនេះលោកអ្នកត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះចំណីរអាហារ និងភេសជ្ជៈដែលលោកអ្នកទទួលទាន ព្រោះបើមិនដូចនោះទេចំណីរអាហារទាំងនោះនឹងបង្កឲ្យរាងកាយរបស់លោកអ្នកមានបញ្ហាជាមិនខាន។ ជាក់ស្តែងបើយោងតាមសារព័ត៌មាន Nationmultimedia បានរាយការណ៍ថា នៅក្នុងរដូវក្តៅនេះលោកអ្នកមិនគួរបរិភោគធូរេនច្រើនពេកនោះទេ ព្រោះធូរេនជាផ្លែឈើម្យ៉ាងដែលមានការឡូរីខ្ពស់ ហើយវាអាចបញ្ចេញកំដៅក្នុងរាងកាយច្រើន។
បើតាមលោកវេជ្ជបណ្ឌិត Sanpong Rithraksa ប្រធានមជ្ឈមណ្ឌលព័ត៌មានអំពីឱសថរបស់ថៃបានពន្យល់ថា ក្នុងពេលដែលមានសីតុណ្ហភាពក្តៅដូចនេះ ហើយលោកអ្នកញ៉ាំធូរេនច្រើនទៀតនោះ លោកអ្នកអាចនឹងប្រឈមនឹងបញ្ហាក្តៅខ្លួនខ្លាំង ឡើងសម្ពាធឈាម និងជំរុញឲ្យមានបញ្ហាបេះដូងទៀតផង។ សារព័ត៌មានមួយនេះត្រូវបានគេចាត់ទុកថា ជាការដាស់តឿនមួយទៅកាន់ប្រជាជនគ្រប់រូបដែលចូលចិត្តញ៉ាំផ្លែធូរេន ត្រូវចេះគ្រប់គ្រងបរិមាណនៃការញ៉ាំធូរេនឲ្យបានសមល្មម ដើម្បីចៀសវាងមានបញ្ហាសុខភាពផ្សេងៗដោយយថាហេតុ៕

អត្ថបទ៖ ភក្តី
ប្រភព៖ nationmultimedia