យ៉ាងហោចណាស់មានមនុស្ស ១០នាក់ បានស្លាប់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកអត្តឃាតនៅប៉ាគីស្ថានអំឡុងពេលបុណ្យរ៉ាម៉ាដាន
ពួកតាលីបង់បានអះអាងថា ជាអ្នកបំផ្ទុះគ្រាប់បែកធ្វើអត្តឃាត ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ និងរងរបួស ២៤នាក់ នៅខាងក្រៅទីសក្ការបូជាមូស្លីមមួយកន្លែងនៅប៉ាគីស្ថាន។ ការផ្ទុះនេះបានកើតឡើងនៅក្នុងទីសក្ការបូជា Sufi ដ៏ចំណាស់ជាងគេ និងពេញនិយមបំផុតរបស់ប៉ាគីស្ថាន នៅក្នុងទីក្រុង Lahore ភាគខាងកើត ខណៈដែលប្រទេសនេះកំពុងចាប់ផ្តើមធ្វើពិធីបុណ្យរ៉ាម៉ាដាន។ ក្រុមមន្រ្តីបាននិយាយថា ពួកគេនៅតែកំពុងស៊ើបអង្កេតពីការផ្ទុះដែលបានកើតឡើងនៅជិតច្រកចូលសម្រាប់អ្នកទេសចរស្ត្រីទៅកាន់ទីសក្ការៈ Data Darbar ដែលជាទីសក្ការបូជាធំបំផុតមួយនៅអាស៊ីខាងត្បូង។

ការវាយប្រហារនៅទីសក្ការបូជា Sufi បានកើតឡើង ចំពេលអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ និងការិយាល័យអគ្គមេបញ្ជាការនៅអាហ្វហ្គានីស្ថានក៏ជាមុខសញ្ញាបំផ្ទុះដោយពួកតាលីបង់នេះផងដែរ។ ហើយយ៉ាងហោចណាស់មានមនុស្ស ៩នាក់ បានរងរបួសនៅក្នុងការផ្ទុះ ដែលបានធ្វើឱ្យមានផ្សែង និងអណ្តាតភ្លើងឆាបឆេះនៅក្នុងទីក្រុង Kabul របស់ប្រទេស។ អាជ្ញាធរនៅក្នុងប្រទេសប៉ាគីស្ថានជឿជាក់ថា រថយន្តប៉ូលីសនៅជិតកន្លែងកើតហេតុ គឺជាគោលដៅនៃការវាយប្រហារ ហើយចំនួនជនរងគ្រោះដែលមិនទាន់ស្គាល់អត្តសញ្ញាណ គឺជាមន្រ្តីប៉ូលីស។ យ៉ាងណាមិញចំនួនជនរងគ្រោះត្រូវបានគេរំពឹងថា នឹងកើនឡើងខណៈដែលមនុស្សជាច្រើនស្ថិតនៅក្នុងមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ៕






អត្ថបទ៖ លីដា
ប្រភព៖ dailymail