សហភាពអឺរ៉ុបពិន័យក្រុមហ៊ុន Apple និង Meta ជាប្រាក់ជិត ៨០០លានដុល្លារ ជុំវិញករណីបំពានច្បាប់ប្រកួតប្រជែងឌីជីថល
បែលហ្សិក៖ សហភាពអឺរ៉ុបបានពិន័យក្រុមហ៊ុនយក្សអាមេរិក Apple និង Meta ជាប្រាក់ចំនួន ៧០០លានអឺរ៉ូ (ជាង ៧៩៦លានដុល្លារ) ជុំវិញករណីបំពានច្បាប់ប្រកួតប្រជែងឌីជីថល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ នៅក្នុងទំហំប្រាក់ពិន័យរួមគ្នាខាងលើនេះ គឺក្រុមហ៊ុន Apple តែម្នាក់ឯងត្រូវរងនូវការពិន័យជាប្រាក់ចំនួន ៥០០លានអឺរ៉ូ (៥៦៨ លានដុល្លារ) ខណៈចំណែកដែលនៅសល់ចំនួន ២០០លានអឺរ៉ូ គឺជាប្រាក់ដែលត្រូវពិន័យទៅលើក្រុមហ៊ុន Meta ។

បើតាមគណៈកម្មការអឺរ៉ុបបានបញ្ជាក់ថា ការពិន័យទៅលើក្រុមហ៊ុន Apple គឺត្រូវបានធ្វើឡើងក្រោយមានការរកឃើញថា ក្រុមហ៊ុន Apple បានរារាំងក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទជាច្រើនមិនឱ្យពួកគេអាចដាក់លក់កម្មវិធីរបស់ពួកគេនៅក្នុង App Store ដោយស្របច្បាប់នោះទេ ហើយការដាក់សម្ពាធនេះគឺត្រូវបានធ្វើឡើងដើម្បីឱ្យក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីទាំងនោះត្រូវបង្ខំចិត្តដាក់លក់កម្មវិធីរបស់ពួកគេក្នុងតម្លៃទាបជាងការរំពឹងទុក។ ដោយឡែកសម្រាប់ការពិន័យទៅលើក្រុមហ៊ុន Meta វិញគឺត្រូវបានធ្វើឡើងក្រោមហេតុផលថា ក្រុមហ៊ុន Meta បានលួចប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់ម្ចាស់គណនីបណ្តាញសង្គម Facebook និង Instagram ដោយបំពានទៅនឹងច្បាប់ឯកជនភាពរបស់អ្នកប្រើប្រាស់ ដើម្បីរកប្រាក់ចំណូលតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មឱ្យត្រូវនឹងទំនោររបស់ក្រុមម្ចាស់គណនីទាំងនោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time