ពិតទេ!! Pep Guardiola នឹងមកដឹកនាំ Juventus ក្រោយលេចលឺថានឹងចុះកុងត្រារយៈពេល៤ឆ្នាំ ក្នុងតំលៃរហូតដល់ទៅ ២៤លានអឺរ៉ូក្នុងមួយរដូវកាល
ប្រព័ន្ធផ្សព្វផ្សាយរបស់អុីតាលីបានរាយការណ៍កាលពីពេលថ្មីៗនេះថានៅក្នុងអាទិត្យនេះគ្រូបង្វឹកសញ្ជាតិអេស៉្បាញ Pep Guardiola ដែលទើបនឹងជួយក្លឹប Man City លើកពាន English Premier League នឹងពានក្នុងស្រុកពីរទៀតបានយល់ព្រមចុះកុងត្រា៤ឆ្នាំជាមួយក្លឹបយក្សអុីតាលី Juventus ដើម្បីយកមកជំនួសតំណែង Massimiliano Allegri នៅក្នុងទីក្រុង Turin។ គួរបញ្ជាក់ផងដែរថា ភ្នាក់ងារព័ត៌មាននាំមុខក្នុងប្រទេសអុីតាលីបានរាយការណ៍ថាព័ត៌មាននេះគឺជាការពិត ដោយលោក Pep Guardiola បានយល់ព្រមចុះកុងត្រាជាមួយ Juventus រយៈពេល៤ឆ្នាំជាមួយនឹងទឹកប្រាក់២៤លានអឺរ៉ូក្នុងមួយរដូវកាល។
ហើយពួកគេបានបន្ថែមទៀតថា រូបលោកនឹងចុះហត្ថលេខាលើក្រដាសកុងត្រានៅក្នុងថ្ងៃទី៤ខែក្រោយនេះ ហើយនឹងប្រកាសជាផ្លូវការនៅថ្ងៃទី១៤ ខែមិថុនា ដោយក្លឹប Juventus។ មួយវិញទៀត នេះជាមូលហេតុដែលគេបានលុបចោលការលក់សំបុត្រសម្រាប់ការចូលទស្សនា J-museum និងទស្សនៈកិច្ចនៅក្នុងពហុកីឡាដ្ឋាន Allianz នៅក្នុងថ្ងៃតែមួយ។
គួរអោយដឹងផងដែរថា លោក Pep មានអាយុ៤៨ឆ្នាំ បានចូលដឹកនាំក្លឹបមេឃខៀវ Man City នៅក្នុងឆ្នាំ ២០១៦ ហើយបានផ្លាស់ប្តូរទម្រង់លេងនៅក្នុងក្លឹប និងបានជួយអោយក្លឹបនេះឈ្នះពានជាច្រើនក្នុងកំឡុងពេលដឹកនាំកន្លងទៅដោយនៅក្នុងនោះមានពាន English Premier League ២ និងពាន FA Cup ១ផងដែរ។ ទោះជាយ៉ាងណាក្តី លោក Pep មិនទាន់អាចជួយអោយក្លឹប Man City លើកពាន UEFA Champion League បាននៅឡើយទេ ហើយនិងត្រូវបានគេរពឹងថាគាត់នឹងមិនទាន់ចាកចេញពីក្លឹបអង់គ្លេសមួយនេះទេ លុះត្រាណាតែគាត់អាចសម្រេចគោលបំណងមួយនេះសិន។

យ៉ាងណាមិញ តាមរយៈការរាយការណ៍ពីប្រទេសអុីតាលីត្រូវបានគេជឿជាក់ថារូបលោកនឹងមកបង្វឹកកីឡាករ Christiano Ronaldo និងកូនក្រុមដ៏ទៃទៀតនៅក្នុងរដូវក្តៅខាងមុខនេះ។ ដូចនេះព័ត៌មាននេះអាចធ្វើអោយអ្នកគាំទ្រក្លឹបកំពូលអង់គ្លេស Man City មានការភ្ងាក់ផ្អើល ហើយក្លឹបនឹងត្រូវរកគ្រូបង្វឹកជំនួសប្រសិនបើការចរចានេះបានសម្រេចដូចអ្វីដែលបានលេចលឺនេះមែន៕
អត្ថបទ៖ សុគុណា
ប្រភព៖ Givemesports


