រថយន្ត

ក្រុមហ៊ុនផលិតរថយន្តដ៏ល្បី Toyota គម្រោងសាងសង់រោងចក្រនៅប្រទេសមីយ៉ាន់ម៉ា

BY
autoadmin
May 27, 2019

យោងតាមកាសែតជប៉ុន Yomiuri Shimbun បានឱ្យដឹងថា ក្រុមហ៊ុន Toyota Motor Corp មានគម្រោងសាងសង់រោងចក្រផលិតរថយន្តមួយនៅមីយ៉ាន់ម៉ា។ សេចក្តីប្រកាសជាផ្លូវការមួយអាចនឹងធ្វើឡើងនៅមុនដំណាច់ខែនេះ ដោយការសាងសង់រោងចក្រនេះនឹងចាប់ផ្តើមនៅឆ្នាំនេះដូចគ្នា។ រោងចក្រនេះនឹងមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស Thilawa នៅជាយក្រុង Yangon និងជារោងចក្រសម្រាប់ដំឡើងផលិតផលសម្រេចនៃប្រភេទរថយន្តភីកអាប់ តាមរយៈការនាំចូលគ្រឿងបន្លាស់ពីជប៉ុន និងប្រជាជាតិជាដៃគូ។

មីយ៉ាន់ម៉ាមានប្រជាជនប្រហែល ៥០លាននាក់ ស្មើនឹងប្រទេសកូរ៉េខាងត្បូង និងអេស្ប៉ាញដែរ។ វាក៏ជាប្រទេសដ៏វ័យក្មេងផងដែរ ដែលអាយុជាមធ្យមរបស់ពួកគេគឺ ២៧.៩ឆ្នាំ (អាយុសរុបនៃមនុស្សរស់គិតជាមធ្យម) ខណៈដែលប្រទេសនេះគឺជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតនៅទ្វីបអាស៊ី ពួកគេមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំនាពេលថ្មីៗនេះគួរឱ្យគត់សម្គាល់ ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំពី ៦ ទៅ ៧ភាគរយ ទៀតផង។

ទោះបីជារថយន្តថ្មីៗប្រហែល ១៧,៥០០គ្រឿង ត្រូវបានលក់នៅក្នុងប្រទេសនេះនៅ ឆ្នាំ២០១៨ ក៏ដោយ ក៏តួលេខនេះបានកើនឡើងទ្វេដងធៀបនឹងឆ្នាំមុន។ បច្ចុប្បន្នក្រុមហ៊ុន Toyota នាំចេញរថយន្តដឹកអ្នកដំណើរ និងរថយន្តពាណិជ្ជកម្មប្រមាណ ២,០០០គ្រឿង ទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងមួយឆ្នាំៗ ហើយពួកគេមើលឃើញថា ប្រទេសនេះជាទីផ្សារមួយដែលមានសក្តានុពលនៃកំណើនខ្ពស់ទៅថ្ងៃអនាគត។

អត្ថបទ៖ លីដា
ប្រភព៖ straitstimes

Share This Post: