មិនទាន់បានលេងផងមានបញ្ហាផ្ទៃក្នុងបាត់ទៅហើយ!! គ្រូបង្វឹកក្រុមតោខៀ Chelsea ដើរចេញពីទីលានហ្វឹកហាត់ទាំងកំហឹង ក្រោយមានការប៉ះទង្គិចគ្នារវាងកីឡាករ David Luiz និងកីឡាករ Higuain ក្នុងកំឡុងពេលហ្វឹកហាត់ត្រៀមលេងពានផ្តាច់ព្រ័ត្រ Europa League នារាត្រីយប់នេះ
- May 29, 2019
កាលពីប៉ុន្មានម៉ោងនេះក្នុងកំឡុងពេលហ្វឹកហាត់របស់ក្រុមតោខៀវ Chelsea ដើម្បីត្រៀមខ្លួនលេងវគ្គផ្តាច់ព្រ័ត្រសម្រាប់ពានលំដាប់ទីពីររបស់អឺរ៉ុបជាមួយក្រុម Arsenal មានការប៉ះទង្គិចគ្នានៅក្នុងក្រុមរវាងកីឡាករខ្សែការពារ David Luiz និងខ្សែប្រយុទ្ធ Gonzala Higuain ដែលធ្វើអោយលោកគ្រូបង្វឹក Sarri បានខឹងសម្បារយ៉ាងខ្លាំង ហើយបានដើរចេញពីទីលានហ្វឹកហាត់ភ្លាមតែម្តង។ បើយោងទៅតាមវីដេអូរបស់ BT Sport យើងអាចឃើញយ៉ាងច្បាស់ថាកីឡាករទាំងពីររូបនេះពិតជាមិនសប្បាយចិត្តនឹងគ្នាដែលធ្វើអោយប៉ះគ្នាបន្តិចផងដែរក្នុងពេលហ្វឹកហាត់ ដែលធ្វើអោយលោក Sarri មើលទៅពិតជាមិនសប្បាយចិត្តនូវអ្វីដែលកូនក្រុមទាំងពីរកំពុងតែបង្ហាញនោះឡើយ ខណៈដែរការប្រកួតខិតជិតចូលមកដល់ក្នុងរយៈពេលប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា លោក Sarri ត្រូវបានព័ត៌មានមួយចំនួនលើកឡើងថាលោកនឹងអាចចាកចេញ ហើយទៅដឹកនាំក្លឹបសេះបង្កង់ Juventus បន្តនៅក្នុងរដូវកាលក្រោយ បន្ទាប់ពីក្លឹប Juventus បានបញ្ជប់ផ្លូវគ្នាជាមួយលោក Massimiliano Allegri ប៉ុន្តែរូបលោកមិនទាន់សម្រេចចិត្តច្បាស់លាស់នៅឡើយទេ ខណៈដែរលោកត្រូវដឹកនាំកូនក្រុមរបស់លោក (Chelsea) ដើម្បីជួបជាមួយក្រុម Arsenal នៅក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Europa League នៅក្នុងទីក្រុង Baku ប្រទេស Azerbaijan។ បើចង់ដឹងច្បាស់ចូរមើលវីដេអូខ្លីបទាំងអស់គ្នា៖

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia
- Share This Post:









