មិនធម្មតាមែន! ស្ងាត់ៗចិនបង្កើតរថយន្តដើរដោយទឹក ហើយចាក់មួយពេញជិះបានរហូតដល់ ៥០០គីឡូម៉ែត្រ
- BY
- autoadmin
- May 29, 2019
ក្រុមហ៊ុនផលិតរថយន្ដដែលមានមូលដ្ឋាននៅភាគកណ្តាលប្រទេសចិនមួយកន្លែងបានអះអាងថា ខ្លួនបានផលិតរថយន្តដើរដោយថាមពលអ៊ីដ្រូសែន ដែលអាចធ្វើដំណើរបានរហូតដល់ទៅ ៥០០គីឡូម៉ែត្រ ដោយប្រើតែទឹកប៉ុណ្ណោះ!!! យោងតាមកាសែត Nanyang Daily បានឱ្យដឹងថា គំរូរថយន្ត ដែលផលិតដោយក្រុមហ៊ុន Qingnian Cars ក្នុងទីក្រុង Nanyang របស់ខេត្ត Henan បានធ្វើតេស្តជាលើកដំបូងកាលពីថ្ងៃពុធ នៅពេលដែលមន្ត្រីបក្សកុម្មុយនិស្តក្នុងស្រុកបានចុះទៅទស្សនារោងចក្រនេះ។

រថយន្តនេះមិនត្រូវបានគេដឹងថា ត្រូវបានគេធ្វើតេស្តលើរយៈចម្ងាយឆ្ងាយនោះទេ ប៉ុន្តែលោក Pang Qingnian នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបាននិយាយប្រាប់កាសែត Securities Times ថា វាមានសមត្ថភាពធ្វើដំណើរពី ៣០០ ទៅ ៥០០គីឡូម៉ែត្រ ដើរដោយទឹកពី ៣០០ ទៅ ៤០០លីត្រ។ លោក Pang ក៏បានប្រាប់កាសែត Thepaper.cn ថា៖ «ការចំណាយលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ គឺជាការដោះដូរសម្ងាត់មួយ ដែលខ្ញុំមិនអាចប្រាប់បាន» «ពួកយើងសម្រេចវាបានក្នុងតម្លៃទាប ហើយវាគឺជាបច្ចេកវិទ្យារបស់ក្រុមហ៊ុនពួកយើង»។
លោក Pang បានពន្យល់ថា ម៉ាស៊ីនរបស់រថយន្តនេះដំណើរការដោយអ៊ីដ្រូសែន ដែលវាជាប្រតិកម្មគីមីនៅពេលដែលសារធាតុដាក់បន្ថែមដើម្បីអោយឆាប់មានប្រតិកម្ម (catalyst) ត្រូវបានបន្ថែមទៅជាមួយម្សៅអាលុយមីញ៉ូម និងទឹក។ គាត់បានបន្តថា៖ «ទឹកដែលយើងកំពុងប្រើគឺជារបស់យើង យើងមិនចាំបាច់ទៅទិញពីមជ្ឈឹមបូព៌ានោះទេ ហើយទឹកនេះក៏មិនបំពុលដល់បរិស្ថាន»។ លោក Pang ក៏បានច្រានចោលនូវការសង្ស័យរបស់ក្រុមអ្នកជំនាញដែលបានចោទថា ការចំណាយលើការផលិតម៉ាស៊ីនប្រើអ៊ីដ្រូសែនគឺថ្លៃពេក ដោយលោកបាននិយាយថា ក្រុមហ៊ុននឹងកែច្នៃឡើងវិញនូវប្រតិកម្មដែលបានប្រើប្រាស់រួចនៅក្នុងដំណើរការនេះ៕




អត្ថបទ៖ លីដា
ប្រភព៖ scmp
- Share This Post:






