អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការអនុវត្តបទឈប់បាញ់ត្រូវធ្វើឱ្យបាន បើសិនជាយើងអស់ការអត់ធ្មត់ យើងនឹងក្លាយខ្លួនមួយរំពេចទៅជាអ្នកបង្កហេតុ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានពន្យល់មហាជនថា នៅក្នុងដំណាក់កាលនេះជាពលវេលានៃការអនុវត្តបទឈប់បាញ់ ដែលបានចូលជាធរមានកាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៥។ រហូតមកទល់នឹងម៉ោងនេះ កម្ពុជាអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អបំផុត ដោយគ្មានល្មើសចំណុចណាមួយទេ ថ្នាក់ដឹកនាំកម្ពុជាគោរពបទឈប់បាញ់ កងទ័ពកម្ពុជាមានវិន័យដោយឥតមានអ្នកណាបំពានឡើយ បើទោះបីជាមានការបង្កហេតុជាច្រើនយ៉ាងណាក្ដី។

ក្នុងឱកាសនៃការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបកស្រាយឱ្យមហាជនយល់ពីចំណុចខ្លាំងដែលកម្ពុជាកំពុងប្រកាន់យកដោយគូសបញ្ជាក់ថា «កងទ័ពរបស់យើងមានវិន័យដោយឥតមានអ្នកណាបំពានឡើយ បើទោះបីជាមានការបង្កហេតុជាច្រើនយ៉ាងណាក្ដី ។ នេះគឺជាចំណុចខ្លាំងរបស់កម្ពុជា ខ្លាំងម្យ៉ាងនៅត្រង់ថា យើងគោរពបទឈប់បាញ់នេះបានយ៉ាងល្អ និងម្យ៉ាងទៀតកងទ័ពនិងកងកម្លាំងរបស់យើងមានវិន័យស្ដាប់បញ្ជាមេដឹកនាំ នេះដែលចាត់ទុកថា ជាចំណុចខ្លាំងរបស់យើងរហូតមកទល់នឹងម៉ោងនេះ ហើយនឹងបន្តទៀត»។
ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា ការអនុវត្តបទឈប់បាញ់នេះ បងប្អូនតោងយល់ថា ការអត់ធ្មត់គឺជាគន្លឹះសំខាន់បំផុត ពីព្រោះមហាជនបានដឹងទាំងអស់គ្នាហើយថា កិច្ចព្រមព្រៀងឈប់បាញ់នេះ មិនមែនកើតឡើងតែពីរនាក់គឺកម្ពុជា និងថៃទេ តែវាកើតឡើងដោយការចូលរួមពីអន្តរជាតិពោលគឺលទ្ធផលវាកើតចេញពីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨កក្កដា ឆ្នាំ២០២៥នៅទីក្រុងភូត្រាចាយ៉ា ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរៀបចំដោយសហរដ្ឋអាមេរិកនិងមានការចូលរួមយ៉ាងសកម្មពីប្រទេសចិន។ ដូច្នេះការអនុវត្តបទឈប់បាញ់នេះ ធ្វើឡើងក្រោមក្រសែភ្នែកតាមដានរបស់អន្តរជាតិ។
ឯកឧត្តម ប៉ែន បូណា បានក្រើនរម្លឹកប្រជាជនកម្ពុជាថា «អ៊ីចឹងបងប្អូនយើងតោងយល់ថា បើសិនជាយើងអស់ការអត់ធ្មត់ យើងនឹងក្លាយខ្លួនមួយរំពេចទៅជាអ្នកបង្កហេតុ នេះជាអ្វីដែលយើងត្រូវតោងប្រុងប្រយ័ត្ន ហើយជាអ្វីដែលគេចង់បាន ការបង្កហេតុមានច្រើនយ៉ាង ដូចបងប្អូនយើងបានដឹងហើយ នៅតាមព្រំដែន មានការដាក់កង់ឡាន ដាក់បន្លាលួស បាញ់ចំពាមកៅស៊ូ ហើយក្រៅពីហ្នឹងគេប្រើសង្រ្គាមចិត្តសាស្ត្រ វោហារសាស្ត្រ ព័ត៌មានមិនពិត ប្រឌិតបំភ្លើសបំភ្លៃ ដើម្បីបំបែកបំបាក់សាមគ្គីជាតិខ្មែរ»។
ចំណែកវិធីម្យ៉ាងទៀត គឺគេប្រើប្រាស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេសដើម្បីធ្វើសកម្មភាពញុះញង់បំបែកបំបាក់សាមគ្គីជាតិខ្មែរ ទៅតាមគោលដៅដែលគេចង់បាន ខណៈក្នុងកាលៈទេសៈនេះប្រទេសជាតិជួបរឿងបែបនេះ ខ្មែរគ្រប់គ្នាមិនថានៅទីណាទេ ឱ្យតែជាខ្មែរគឺនាំគ្នាក្រោកឈរឡើងរួមសាមគ្គីគ្នាដើម្បីការពារជាតិ ការពារបូរណភាពទឹកដី ការពារកិត្តិយស សេចក្ដីថ្លៃថ្នូររបស់ខ្មែរ៕

ប្រភព៖ ក្រសួងព័ត៌មាន