ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍ អំពាវនាវដល់ម្ចាស់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូន អ្នកដំណើរ មេត្តាបង្កលក្ខណៈងាយស្រួល និងកុំដំឡើងថ្លៃសេវាកម្មរបស់ខ្លួនចំពោះអនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពេលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ

    BY SOMATEY August 15, 2025
    ក្រសួងទេសចរណ៍ អំពាវនាវដល់ម្ចាស់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូន អ្នកដំណើរ មេត្តាបង្កលក្ខណៈងាយស្រួល និងកុំដំឡើងថ្លៃសេវាកម្មរបស់ខ្លួនចំពោះអនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពេលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ

    នាថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៥ នេះ ក្រសួងទេសចរណ៍ អំពាវនាវចំពោះប្រតិបត្តិករទេសចរណ៍ ដើម្បីសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់អនុរក្ស និងសិស្សានុសិស្សក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥។

    ក្រសួងទេសចរណ៍ សូមជម្រាបជូន ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ នៅតាមរាជធានី-ខេត្ត មេត្តាជ្រាបថា នៅថ្ងៃព្រហស្បតិ៍-សុក្រ ៥-៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅ ទូទាំងប្រទេស។

    អនុរក្ស និងសិស្សានុសិស្សអាចចាំបាច់ត្រូវបន្លាស់ទីមកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡង ផ្សេងៗដែលនៅឆ្ងាយពីទីលំនៅបច្ចុប្បន្ន ដើម្បីចូលរួមការប្រឡង។ អាស្រ័យហេតុនេះ ក្រសួងទេសចរណ៍ សូមធ្វើការអំពាវនាវដល់ ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ ទាំងអស់ ជាពិសេសអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូន អ្នកដំណើរ មេត្តាបង្កលក្ខណៈងាយស្រួល និងកុំដំឡើងថ្លៃសេវាកម្មរបស់ខ្លួនចំពោះអនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពេលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ។

    ក្រសួងទេសចរណ៍សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នក គ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ នៅតាមរាជធានី-ខេត្ត ចូលរួមសហការ និងអនុវត្តតាម សេចក្តីអំពាវនាវខាងលើឱ្យបានល្អប្រកបដោយការយោគយល់ខ្ពស់៕

    ប្រភព៖ ក្រសួងទេសចរណ៍

    Share This Post: