អ្នកនាំពាក្យក្រសួងការពារជាតិ៖ ចាប់តាំងពីការចូលជាធរមាននៃបទឈប់បាញ់មក យើងសង្កេតឃើញថាមានការវិវត្តជាវិជ្ជមានជាបន្ទាប់ ជាមួយនឹងការពិភាក្សាទ្វេភាគីនៃប្រទេសទាំងពីរ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះថា ចាប់តាំងពីការចូលជាធរមាននៃបទឈប់បាញ់កាលពីរំលងអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មក យើងសង្កេតឃើញថាមានការវិវត្តជាវិជ្ជមានជាបន្ទាប់ជាមួយនឹងការពិភាក្សាទ្វេភាគីនៃប្រទេសទាំងពីរ ដូចជាកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលបានឯកភាពគ្នាអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងភូត្រាច៉ៃយ៉ា ប្រទេសម៉ាឡេស៊ី និង កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។

ថ្នាក់ដឹកនាំខាងលើ បានបន្តថា វាមានភាពចាំបាច់ដែលភាគីទាំងពីរត្រូវតែកសាងលើការវិវត្តជាវិជ្ជមានទាំងនេះ ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាព ជាពិសេសការនាំមកវិញនូវប្រក្រតីភាពនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរលើគ្រប់វិស័យ សម្រាប់ជាប្រយោជន៍ដល់ប្រជាជនទាំងពីរ។
ប្រភព៖ ក្រសួងព័ត៌មាន